ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចេញល្បាតក្នុងភូមិសាស្ត្រ ចាប់បានមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន២នាក់ ដកហូតសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ករណីឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀននេះបានធ្វើឡើងកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចកម្ពូតព្រៃស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា មុខសញ្ញាដែលត្រូវបានឃាត់ខ្លួននោះទី១-ឈ្មោះ ស៊ុក ភីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ មានទីលំនៅក្នុងភូមិតាប៉េង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី២-ឈ្មោះ សួន សុផាត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ មានទីនៅក្នុងភូមិរលាំងកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលលំហាចជិះម៉ូតូចេញល្បាតក្នុងដែនរដ្ឋបាលរបស់ខ្លួនគ្រប់គ្រង ខណៈល្បាតដល់ចំណុចកម្ពូតព្រៃស្ទឹងព្រែកត្នោតក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងសំងំនៅទីនោះ ។ ដោយមានការសង្ស័យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចូលទៅឃាត់ខ្លួនជនសង្ស័យ រកឃើញមានវត្ថុតាងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ជនសង្ស័យទាំង២នាក់ខាងលើនេះបានសារភាពថា នៅមុនពេលកើតហេតុពួកគេទាំង២នាក់បាននាំគ្នាទិញថ្នាំញៀនម៉ាទឹកកកចំនួន១កញ្ចប់ យកមកសំងំប្រើប្រាស់នៅចំណុចខាងលើ ។ ពេលប្រើប្រាស់អស់រៀបចំដើរត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែមាននគរបាលចូលមកឃាត់ខ្លួនរូបគេទាំង២នាក់តែម្តង ។
នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥សមត្ថកិច្ចនករបាលស្រុកអង្គស្នួលបានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ