មន្ត្រីបានថ្លែងថា យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ និងជាង៣០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត ស្ថិតនៅក្នុងទីផ្សារមួយកន្លែងក្នុងទីរួបខេត្ត Faryab ភាគខាងជើងរបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ។ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រភពបានប្រាប់ស៊ីនហួតាមទូរស័ព្ទថា ហេតុការណ៍វាយប្រហារនេះបានកើតឡើងនៅវេលាព្រឹក ថ្ងៃទី២២ ខែកក្កដា ស្ថិតនៅក្នុងស្រុក Almar ដែលភាគច្រើនជនរងគ្រោះគឺជាជនស៊ីវិលស្លូតត្រង់។ ក្រោយហេតុការណ៍កើតឡើង កម្លាំងសន្តិសុខរដ្ឋាភិបាលជាច្រើននាក់បានទៅដល់កន្លែងកើតហេតុ និងឡោមព័ទ្ធទីតាំងនោះដើម្បីត្រួតពិនិត្យសន្តិសុខ ខ្លាចមានការវាយប្រហារជាលើកទី២កើតឡើង។ ព័ត៌មានលម្អិតស្តីពីអ្នកវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះមិនទាន់ត្រូវបានលាតត្រដាងឲ្យដឹងនៅឡើយទេ ។ ប៉ូលិសបានប្រើប្រាស់រថយន្តរបស់ខ្លួនបញ្ជូនជនរងគ្រោះដែលរងរបួសដោយការវាយប្រហារទៅកាន់មន្ទីរពេទ្យជិតកន្លែងកើតហេតុ ព្រមជាមួយរថយន្តសាមុយជាច្រើនគ្រឿងផងដែរ ។ ចំនួនជនរងគ្រោះដែលបាត់បង់ជីវិតអាចមានច្រើនជាងនេះ ដោយសារតែអ្នករងរបួសធ្ងន់មានចំនួនច្រើន ។ ស្រុក Almar មានទីតាំងស្ថិតនៅភាគខាងលិច រដ្ឋធានី Maimana ។ រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ការវាយប្រហារនៅឡើយទេ ។ ខេត្តដែលមានការវាយប្រហារនេះមានចម្ងាយ៤២៥គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីអាហ្វហ្គានីស្ថាន ។ ទីតាំងនោះធ្លាប់មានការផ្ទុះកាំភ្លើងដាក់គ្នារវាងកងកម្លាំងរដ្ឋាភិបាល នឹងក្រុមឧទ្ទាមលីបង់ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ៕
ស្លាប់ និងរបួសជាង៤០នាក់ដោយការវាយប្រហារគ្រាប់បែកភាគខាងជើងអាហ្វហ្គានីស្ថាន
...