ភ្នំពេញ៖ គំនរសំរាមស្អុយគគ្រុកមួយកន្លែងនៅរាយប៉ាយពេញផ្លូវដោយសារឆ្កែឆ្មាកណ្តុរកាយហែកកាកសំណល់ស៊ី ចោលក្លិនឆ្អេះឆ្អាបដកដង្ហើមស្ទើរមិនរួច ហើយមកដល់ពេលនេះទំនងជាអាជ្ញាធរមូលដ្ឋានមើលមិនឃើញទេមើលទៅ បានជាមិនចាត់ការប្រមូលឬឲ្យក្រុមហ៊ុនស៊ិនទ្រីកើបយកទៅបោះចោលដោយសុខចិត្តទុកនៅលម្អភ្នែកមហាជនឆ្លងកាត់ឲ្យជួយ ស្រង់ក្លិនរាល់ថ្ងៃ ។
គំនរសំរាមមួយកន្លែងនេះឋិតនៅជាប់របងវិទ្យាល័យព្រះយុគន្ធរ តាមបណ្តោយផ្លូវ លេខ២៧៦ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ដែលធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សរៀននៅវិទ្យាល័យព្រះយុគន្ធរ នាំគ្នារិះគន់ដល់ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ថាមិនបានគិតពីផលប៉ះពាល់បរិស្ថាន និងសុខភាពពួកគេឡើយបានជាមិនទៅកើបយកទៅបោះចោល ហើយបានទុកនៅឲ្យមានក្លិនឆ្អេះឆ្អាបយ៉ាងដូច្នេះ ។
ប្រជាពលរដ្ឋរស់នៅក្បែរគំនរសំរាមមួយនេះបាននិយាយថា ក្រុមហ៊ុនស៊ិនទ្រីមិនបានទៅប្រមូលសំរាមយូរថ្ងៃមកហើយ ដោយការមិនទៅប្រមូលសំរាមនេះមិនដឹងពីមូលហេតុអ្វីទេ។ ហេតុនេះហើយទើបធ្វើឲ្យសំរាមកើនឡើងកាន់តែច្រើនឡើងៗ និងធ្វើឲ្យនៅរាយប៉ាយចោលក្លិនអាសោចិ៍ពេញផ្លូវ ។ ចំណែកអាជ្ញាធរដែនដីវិញហាក់ដូចជាមិនអើពើជួយជំរុញឲ្យក្រុមហ៊ុនស៊ិនទ្រីរួសរាន់ទៅប្រមូលដែរ គឺសុខចិត្តជិះម៉ូតូឆ្លងកាត់យកដៃខ្ទប់ច្រមុះហួសទៅ ។
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរដែនដីសូមមេត្តាចាត់វិធានការឲ្យក្រុមហ៊ុនស៊ិនទ្រីទៅប្រមូលសំរាមនៅកន្លែងនោះផង បើពុំដូច្នេះទេ ពីរ បីថ្ងៃទៀតនឹងក្លាយជាមានដង្កូវវារចេញពេញផ្លូវទាក់ភ្នែកអ្នកទេសចរមិនខាន ៕
ដោយ៖ ប្រាថ្នា