ឃ្លាំងស្តុកគីមី និងប្រេងស្ថិតនៅភាគខាងកើតទីក្រុង Jingjiang ប្រទេសចិន បានផ្ទុះ និងឆាបឆេះកាលពីថ្ងៃទីសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែអគ្គិភ័យនេះបានស្ថិតក្រោមការគ្រប់គ្រង និងពុំបណ្តាលឲ្យនរណាម្នាក់រងគ្រោះដល់អាយុជីវិតនោះឡើយ ។
ហេតុការណ៍ផ្ទុះពេលនេះធ្វើឲ្យគេនឹកឃើញដល់ហេតុការណ៍ផ្ទុះកាលពីខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភាគខាងជើងទីក្រុង Tianjin ទៅលើឃ្លាំងស្តុកគីមីនោះ បណ្តាលឲ្យមនុស្ស១៦៥នាក់បានបាត់បង់ជីវិត និងធ្វើឲ្យមានការសាយភាយសារធាតុគីមីប៉ះពាល់ដល់ប្រជាពលរដ្ឋ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា គេនៅមិនទាន់ដឹងមូលហេតុបណ្តាលឲ្យឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុន Jiangsu Deqiao ដែលមានរក្សាទុកគីមីផងនោះនៅឡើយទេ ។ មន្ត្រីរដ្ឋាភិបាលខេត្ត Jingjiang បានបញ្ជាក់នៅលើប្លករបស់ខ្លួនថា អគ្គិភ័យបានស្ថិតក្រោមការគ្រប់គ្រង និងមិនបណ្តាលឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ៕
ថាច់ យ៉ាត
...