អាមេរិកមិនអាចជ្រើសរើសអីរ៉ង់បោះបង់ អារ៉ាប៊ីសាអូឌិតនោះឡើយ

ចែករំលែក៖

អាមេរិកមិនអាចបោះបង់ចោលមិត្តចាស់មកចាប់យកមិត្តថ្មីដែលធ្លាប់ជាសត្រូវនិងគ្នានោះគឺអីរ៉ង់បានឡើយ បើទោះបីអាមេរិកបានលើកលែងទណ្ឌកម្មអីរ៉ង់ក៏ដោយ។​អារ៉ាប៊ីសាអូឌិតមានសារសំខាន់ជាងអីរ៉ង់ ហើយអាមេរិកជាប្រទេសលក់អាវុធទៅឲ្យអារ៉ាប់ច្រើនជាងគេបំផុត។ មិនត្រឹមតែប៉ុណ្ណោះ អារ៉ាប៊ីសាអូឌិត បានវិនិយោគទៅលើទឹកដីអាមេរិកគិតជាទឹកប្រាក់រាប់រយ​ពាន់លានដុល្លារ ដែលជាហេតុជួយរក្សាលំនឹងសេដ្ឋកិច្ចរបស់អាមេរិកបានយ៉ាងល្អ។

ចំណែកអីរ៉ង់និងអារ៉ាប៊ីគឺជាសត្រូវនឹងគ្នាតាំងពីដើមមកហើយក៏ជាប្រទេសស្វែងរកឥទ្ធិពលនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ ការកាន់និយាយខុសគ្នា បានធ្វើឲ្យអីរ៉ង់និងអារ៉ាប៊ីសាអូឌិតត្រូវ​ពុះចែកតំបន់មជ្ឈឹមបូព៌ា​ជាពីរ​ ទីមួយគឺ​ក្រុម​ស៊ុនីត ​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត ​និង​ទី​ពីរគឺ​ក្រុម​ឈីអ៊ីត ​ដែល​ដឹកនាំ​ដោយ​អ៊ីរ៉ង់។ ការ​ប្រជែង​ឥទ្ធិពល​រវាង​អារ៉ាប៊ីសាអូឌីត​ និង​អ៊ីរ៉ង់​ មិន​អាច​បញ្ចប់​ទៅ​ងាយៗ​បាន​ទេ។

តែយ៉ាង​ណា​ក៏ដោយ ​ យើង​កុំភ្លេច​ថា ​សហរដ្ឋ​អាមេរិក​ ធ្លាប់​ជា​សម្ព័ន្ធមិត្ត​ល្អូកល្អើន​របស់​អារ៉ាប៊ីសាអូឌីត​ ព្រមទាំង​ប្រទេស​ស៊ុនីត​ដ៏​ទៃ​ទៀត។ សហរដ្ឋ​អាមេរិក​ បើក​ផ្លូវ​ឲ្យ​អ៊ីរ៉ង់​ពេល​នេះមែន ​តែ​មិនមែន​មាន​ន័យថា​ អាមេរិក ​និង​អ៊ីរ៉ង់​ ក្លាយជា​មិត្ត​នឹង​គ្នា​ទេ។ សហរដ្ឋ​អាមេរិក​ នៅតែ​ប្រយ័ត្ន​ជាប់​ជានិច្ច ​ទាក់ទិន​នឹង​មហិច្ឆិតា​របស់​អ៊ីរ៉ង់។ ត្រង់នេះ​ហើយ​បាន​ជា​លោក​អូបាម៉ា ​ទៅ​ថ្ងៃ​នេះ​ដើម្បី​សម្តែង​ប្រាប់​ក្រុម​ប្រទេស​ស៊ុនីត​ឲ្យយល់។

ក្រុម​ប្រទេស​អារ៉ាប់​តំបន់​ឈូង​សមុទ្រ ​បាន​សំណូមពរ​ឲ្យ​អាមេរិក​ ចុះ​ហត្ថលេខា​ជាមួយ​ពួក​គេ​លើ​កិច្ច​ព្រមព្រាង​សហប្រតិបត្តិការ​យោធា ​ដោយ​យក​គំរូតាម​កិច្ច​ព្រមព្រាង​របស់​អូតង់​ តែ​អាមេរិក​បាន​បដិសេធ​មិន​គាំទ្រ​សំណើរ​នេះ​ទេ។ ប៉ុន្តែ ​ដើម្បី​យក​ចិត្ត​ក្រុម​ប្រទេស​អារ៉ាប់​ស៊ុនិត ​សហរដ្ឋ​អាមេរិក​ ទើបតែ​បើក​ភ្លើង​ខៀវ​លក់​សម្ភារៈ​យោធា ​និង​អាវុធ​សរុប​ទឹកប្រាក់​ទាំង​អស់​ ៣៣ពាន់​លាន​ដុល្លារ។ ជាមួយ​គ្នា​នេះ ​កងទ័ព​អាមេរិក ​មាន​គម្រោង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​ក្នុង​ឈូង​សមុទ្រ​ផង​ដែរ។ បន្តែ​ទន្ទឹម​នឹង​នេះ ​លោក​អូបាម៉ា ​គាត់នៅ​តែ​ព្យាយាម​ការពារ​ទ្រឹស្តី​នយោបាយ​របស់​គាត់ ​គឺ​នយោបាយ​សនិ្តភាព​និយម ​មិន​កាន់​ជើង​ខាង​ណា ​ខ្លាំង​ជ្រុល​ពេក​នោះ​ទេ។

អតីត​ប្រធាន​ក្រុម​ស៊ើប​ការណ៍​សំងាត់​របស់​អារ៉ាប៊ីសាអូឌីត​ ម្នាក់​ បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​CNN​ ថា​ នយោបាយ​លោក​អូបាម៉ា ​បាន​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ បាន​ភ្លឺ​ភ្នែក។ ចាប់​ពី​ពេល​នេះ​ទៅ ​អារ៉ាប៊ីសាអូឌីត ​ត្រូវ​រក​វិធី​ផ្សេង​ ដោយ​មិន​អាច​រំពឹង​តែ​ទៅ​លើ​អាមេរិក ​ដូច​ពី​មុន​ទៀត​ទេ។ ប៉ុន្តែ​បើ​យោង​តាម​អ្នក​វិភាគ​ជា​ច្រើន ​ដែល​បាន​សម្លឹង​ឃើញ​ពី​កាយវិការ​សោះអង្គើយ​របស់​​មេដឹកនាំ​អារ៉ាប៊ីសាអូឌីត​ ​ចំពោះ​លោក​អូបាម៉ា​នាពេល​នេះ ​គឺ​ធ្វើ​ឲ្យ​គេ​យល់​ថា ​បញ្ហា​មក​ពី​គេ​នៅ​អន់ចិត្ត​ជាមួយ​អាមេរិក​ ជុំវិញ​បញ្ហា​អ៊ីរ៉ង់ ​ជា​ចំណុច​មួយ ​តែ​ចំណុច​មួយ​ទៀត ​គឺ​ថា​អាណត្តិ​លោក​អូបាម៉ា​ នឹង​ត្រូវ​ចប់​នៅ​ចុង​ឆ្នាំ​នេះ​ហើយ។ ដូច្នេះ ​លោក​អូបាម៉ា ​លែង​មាន​សារៈសំខាន់​ទៀត​ហើយ ​នៅ​ក្នុង​ក្រសែរ​ភ្នែក​អារ៉ាប៊ីសាអូឌីត។ ​ពីពេល​នេះ​ទៅ​ គឺ​គេ​សម្លឹង​ទៅ​ចាប់​អនាគត​ប្រធានាធិបតី​ថ្មី ​របស់​អាមេរិក​ទៅ​វិញ​ទេ។

វត្តមាន​របស់​លោក​អូបាម៉ា ​នៅ​ទីក្រុង​រីយ៉ាដ ​រដ្ឋធានី​អារ៉ាប៊ីសាអូឌីត ​ថ្ងៃនេះ ​មាន​លក្ខណៈ​ខុស​ពី​សព្វមួយ​ដង ​ដែល​ធ្វើ​ឲ្យ​គេ​គ្រប់គ្នា​ឃើញ​នឹង​ភ្នែក​តែម្តង​ថា ​លោក​អូបាម៉ា ​មិន​សូវ​ត្រូវ​បាន​គេ​ស្វាគមន៍​ខ្លាំងក្លា​ប៉ុន្មាន​ទេ ​នៅក្នុង​ជំនួប​កំពូល​នេះ។

តាមធម្មតា ​ព្រះចៅ​សាលម៉ាន់​ ត្រូវទៅ​ទទួល​ប្រធានាធិបតី​អាមេរិក ​ ដល់​ជើង​ជណ្តើរ​យន្តហោះ​តែម្តង​ ហើយ​ដំណើរ​មក​ដល់​នេះ​ ក៏ត្រូវ​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ តាម​ទូរទស្សន៍​ជាតិ ​របស់​អារ៉ាប៊ីសាអូឌីត​ដែរ។ ក៏ប៉ុន្តែ​លើក​នេះ​ គឺ​ស្ងាត់​ឲ្យ​សូន្យ​តែ​ម្តង។​ ស្តេច​អារ៉ាប៊ីសាអូឌីត​ មិន​បាន​ទៅ​ទទួល​លោក​អូបាម៉ា​ទេ ​ហើយ​ក៏អត់​មាន​ផ្សាយ​បន្ត​ផ្តាល់ ​តាម​ទូរទស្សន៍​ដែរ។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ព្រះចៅ​សាលម៉ាន់ ​បាន​អនុញ្ញាតិ​ឲ្យ​លោក​អូបាម៉ា ​ចូល​គាល់​រយៈពេល​ប្រហែល២​ម៉ោង ​ មុននឹង​ចាប់​ផ្តើម​បើក​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ប្រទេស​អារ៉ាប់​ឈូង​សមុទ្រ ​ដែល​មាន​ទាំង​អស់​៦​ប្រទេស ៖​ អារ៉ាប៊ីសាអូឌីត​ អេមៀរ៉ា-អារ៉ាប់រួម​ អូម៉ង់​ កូវ៉ែត ​បារ៉ែន​ និង​កាតា។ នេះគឺ​ជា​លើក​ទីមួយ​ហើយ​ សម្រាប់​លោក​អូបាម៉ា ​ដែល​ចូលរួម​ក្នុង​ជំនួប​កំពូល​នៃ​ក្រុម​ប្រឹក្សា​នេះ។ កាលៈទេសៈ​នេះ ​ លោក​អូបាម៉ា ​កំពុង​ធ្វើ​មុខ​ក្រាស ​បើយើង​និយាយ​ឲ្យ​តាមត្រង់ ​ព្រោះអី​គេ​មិន​សូវ​ជា​ពេញចិត្ត​គាត់​ទេ ​តែ​គាត់​ត្រូវ​បង្ខំ​ចិត្ត​ទៅ ​ដើម្បី​ទីមួយ​ពន្យល់​គេ​ឲ្យ​យល់ ​ថា​ត្រូវ​ជួយ​គ្នា​ដោះស្រាយ​បញ្ចប់​សង្រ្គាម​ក្នុង​តំបន់ ​ហើយ​មួយទៀត​គឺ​ ស្តារ​ទំនុកចិត្ត​ ថា​អាមេរិ​នៅ​តែ​ជា​មិត្ត​ជា​មួយ​ក្រុម​ប្រទេស​អារ៉ាប់​ស៊ុនីត​ទាំង​នេះ ​ដដែល។

កម្មវត្ថុ​របស់​សហរដ្ឋ​អាមេរិក ​គឺ​ចង់​បាន​ការ​ចូលរួម​ឲ្យ​សកម្ម​ ពី​សំណាក់​ប្រទេស​អារ៉ាប់​ស៊ុនីត​ទាំង​៦​នេះ។​ ការ​ចូលរួម​នេះ​ គឺ​​ទីមួយ​ចូលរួម​ប្រើ​ឥទ្ធិពល​ទៅ​លើ​ភាគី​ជម្លោះ​នានា ​ដើម្បី​បញ្ចប់​សង្រ្គាម ​ហើយ​បន្ទាប់​មក​ទៀត​ នាំគ្នា​ផ្តោត​សកម្មភាព​ចំបង​ទៅ​លើ​ការ​កម្ទេច​បណ្តាញ​ជីហាដ​ជ្រុល​និយម ​ដែល​ជា​សត្រូវ​របស់​ទាំង​អស់​គ្នា ​មិន​ថា​សាសនា​អ៊ីស្លាម​និកាយ​អ្វី​ទេ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​អន្តរាគមន៍​របស់​កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់ ​បាន​ហុច​ផល​បាន​ច្រើន។ ក្នុង​ពេល​នេះ ​លោក​អូបាម៉ា ​បាន​ប្រកាស​ថា​អាមេរិក​នឹង​ប្រឹងប្រែង​ជួយ​កងទ័ព​អ៊ីរ៉ាក់​ទៀត ​តាម​រយៈ​ការ​បន្ថែម​កម្លាំង​ពិសេស ​២២០​នាក់ ​និង​ឧត្ថម្ភាគចក្រ​ចម្បាំង ​ជាច្រើន​គ្រឿង ​ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​កងទ័ព​អ៊ីរ៉ាក់ ​ឲ្យ​ដណ្តើម​យក​ក្រុង​មូស៊ូល​មក​វិញ​ឲ្យ​បាន។

ស្ថិត​ក្នុង​កម្មវត្ថុ​ជួយ​អ៊ីរ៉ាក់​ដដែល​នេះ​ ​ សហរដ្ឋ​អាមេរិក ​ចង់ឲ្យ​ប្រទេស​អារ៉ាប់​ស៊ុនីត​ទាំង​៦នេះ​ មិន​គ្រាន់​តែ​ចូលរួម​ក្នុង​វិស័យ​យោធា​តែមួយ​មុខ​ទេ ​តែ​ត្រូវ​ចូលរួម​ក្នុង​វិស័យ​នយោបាយ ​រួម​ទាំង​សេដ្ឋកិច្ច​ផង​ដែរ ​ដើម្បី​ជួយស្តារ​ និង​កសាង​ប្រទេស​អ៊ីរ៉ាក់​ឡើងវិញ។ ដូចគ្នា​ដែរ ​ ជុំវិញ​សង្រ្គាម​នៅ​យេមែន ​និង​នៅ​ស៊ីរី ​ក្រុម​ប្រទេស​អារ៉ាប់​ស៊ុនីត​ទាំង​៦​នេះ ​ មាន​តួនាទី​សំខាន់​ណាស់ ​ក្នុង​ការ​បញ្ចុះបញ្ចូល​ភាគី​ជម្លោះ ​ឲ្យ​ដាក់​អាវុធ។

លោក​ រ៉ុប ម៉ាលៃ ​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​​ប្រទេស​អារ៉ាប់​បញ្ចប់​សង្រ្គាម​រវាង​និកាយ​និង​និកាយ ​ហើយ​ងៀក​មក​ធ្វើ​សង្រ្គាម​ជា​មួយ​ពួក​ភេរវកម្ម​ជ្រុលនិយម ​ដែល​ជា​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​និង​ក្រុម​អាល់កាយដា ​ជាដើម។ ក្រុមទាំងពីរ​នេះ​ហើយ​ ដែល​កំពុងតែ​បំផ្លាញ​ស្ថិរភាព​ និង​សន្តិភាព​នៅ​តំបន់​ដើម​បូព៌ា។​

image

image

image

ប្រែសម្រួល៖ ម៉ែវ​ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print