ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍ពីច្រកអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបងប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងជិត១០យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងដីថៃចម្ងាយពីផ្សារឡែមប្រមាណជាង១០០០ម៉ែត្រ ឈមនិងច្រកអន្តរជាតិដូងស្រុកកំរៀង ទាហានថៃឈុតខ្មៅនៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងបានបាញ់គំរាមរថយន្តថៅកែថៃ១គ្រឿងដឹកផ្ទុកពលករខ្មែរពេញប្រៀចេញពីផ្សារឡែមដីថៃខណៈដែលទាហានឈុតខ្មៅបានហៅរថយន្តដឹកពលករខ្មែរនោះមិនឈប់ថែមទាំងបើកបុកបារ៉ាស់ត្រួតពិនិត្យទាហានឈុតខ្មៅទៀតផង។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថា រថយន្តដឹកពលករខ្មែរនោះរងការបាញ់ប្រហារចំនួន៥គ្រាប់បណ្តាលឲ្យបែកកង់រថយន្តខាងក្រោយទាំងពីរគ្រាប់បន្ទាប់ពីរថយន្តបើករត់គេចចូលផ្សារឡែមនោះវិញ រីឯអ្នកបើករថយន្តរត់គេចខ្លួនបាត់។ ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ក្នុងហេតុការណ៍នោះមិនបង្កឲ្យប៉ះពាល់ដល់អាយុជីវិតពលករខ្មែរណាម្នាក់នោះឡើយ គ្រាន់តែបង្កឲ្យមានការភ្ញាក់ផ្អើលដល់ ពលករខ្មែររាប់រយនាក់នៅក្នុងផ្សារឡែមដែលដេករងចាំចេញដំណើរទៅកន្លែងធ្វើការនៅក្នុងប្រទេសថៃ នាំគ្នារត់ចូលដីខ្មែរវិញយ៉ាងប្រសាចតាមច្រកអន្រតជាតិដូង។ លុះស្ថានការណ៍ស្ងប់ស្ងាត់ទើបគេបានអនុញ្ញាតឲ្យពលករខ្មែរដែលរត់ភ័យស្លន់ស្លោចូលដីថៃវិញ។
សូមបញ្ជាក់ថា ក្រោយពីថ្ងៃបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ គេសង្កេតឃើញពលករខ្មែររាប់ម៉ឺននាក់បាននាំគ្នាសម្រុកចូលទៅធ្វើការងារ នៅក្នុងប្រទេសថៃវិញដោយធ្វើដំណើរឆ្លងកាត់តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ឈមនិងខេត្តច័ន្ទបុរី ប្រទេសថៃ។
ការធ្វើដំណើរចេញយ៉ាងគំហុករបស់ពលករខ្មែរចូលទៅប្រទេសថៃតាមច្រកជាតិមួយនេះ ត្រូវគេមើលឃើញថាធ្វើឲ្យច្រកមានការកកស្ទះចរាចរណ៍ខណៈដែលភាគីថៃបានដាក់ឱសានវាទដល់ពលករខ្មែរត្រូវចូលដីថៃដល់កន្លែងធ្វើការងារវិញត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។
លោក ជា សុ ផាត អភិបាល ស្រុកកំរៀងប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី២១ ខែមេសា ម្សិលមិញ ពិតជាមានហេតុការណ៍នៅក្នុងដីថៃដូចខាងលើនោះមែន។ លោកបញ្ជាក់ទៀតថា ពលករខ្មែរដែលធ្វើដំណើរតាមច្រកអន្តរជាតិដូងនៅថ្ងៃទី២២ ខែមេសា នេះ បានធូស្បើយវិញហើយ។ បន្ទាប់ពីទៅ៣ថ្ងៃថ្ងៃមុនគឺមានពលករខ្មែររាប់ម៉ឺននាក់បាននាំគ្នាសម្រុកចូលដីថៃ។ ក្នុងរយៈពេល ចូលឆ្នាំខ្មែរត្រូវបានបញ្ចប់យ៉ាងហោចណាស់មានពលករខ្មែរក្រោម១០ម៉ឺននាក់បានធ្វើដំណើរចូលទៅដីថៃ ដើម្បីទៅធ្វើការងារតាមកន្លែងរបស់ខ្លួនវិញ៕
ដោយ៖ សំ វិច្ឆិកា