ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានមនោសញ្ចេតនាគិតគូខ្ពស់ប្រកបដោយការទទួលខុសដល់ប្រជាជន និងប្រទេសជាតិជានិច្ច ម្សិលមិញសម្តេចបានលើកឡើងក្នុងហ្វេសប៊ុកសម្តេចថាៈ ខ្ញុំសូមចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិកម្តៅឡើងខ្លាំងបណ្តាលអោយខ្វះទឹកប្រើប្រាស់នៅតាមខេត្តមួយចំនួនដូចជានៅ បន្ទាយមានជ័យ ព្រៃវែង កែប កំពត កំពង់ធំ ស្វាយរៀង កំពង់ស្ពឺ ព្រះវិហារ ឧត្តរមានជ័យ និង សៀមរាបជាដើម។ ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុផ្តល់ថវិកាទៅតាមរយះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីទិញប្រេងដឹកទឹកជូនប្រជាជនប្រើប្រាស់បន្ថែមដោយក្រសួងធនធានទឹក និងឧតុនិយមខិតខំបូមទឹកនៅតំបន់មានប្រភពទឹក។ ទន្ទឹមនឹងនេះ សូមបងប្អូនកាត់បន្ថយការប្រើប្រាស់ទឹកកុំខ្ជះខ្ជាយ ក្នុងពេលដែលកំពុងមានការខ្វះខាតទឹកប្រើប្រាស់។
សម្តេចបានបន្តថាៈ ខ្ញុំសង្ឃឹមថា ជំនួយទឹកប្រើប្រើប្រាស់ដែលអាជ្ញាធរមានសមត្ថកិច្ចដឹកចែកជូនបងប្អូននឹងជួយសម្រួលដល់សេចក្តីត្រូវការចាំបាច់របស់បងប្អូន។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អ៕
ដោយៈ សុខ ខេមរា