ខេត្តកណ្ដាល៖ ដោយសារតែសំណាញ់ទាក់ជាប់ក្នុងបាតព្រែកបានធ្វើឲ្យប្រជានេសាទម្នាក់មុជទឹកចុះទៅដោះសំណាញ់តែជាអកុសលបណ្ដាលឲ្យទាក់ជើងឈ្លក់ទឹកស្លាប់យ៉ាងអណោចអធ័ម ខណៈដែលមិនមានប្រជាពលរដ្ឋណានិងជួយសង្រ្គោះទាន់ពេលវេលា ។ សាកសពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋរាវរកប្រទះឃើញនៅបាតព្រែកហម ស្ថិតក្នុងភូមិអន្លង់សាន្ដ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឡេង លាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនិងនេសាទ មានទីលំនៅភូមិអន្លង់សាន្ដ ឃុំព្រែកស្ដី ស្រុកកោះធំ ។
ប្រភពដដែលបានបន្ដថា មុនពេលកើតហេតុគឺនៅវេលាប្រមាណ១០ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ជនរងគ្រោះបានទាញសំណាញ់ដើរចេញពីផ្ទះដោយប្រាប់ប្រពន្ធថាបង់សំណាញ់ចាប់យកត្រីក្នុងទឹកព្រែកហម បន្ទាប់ពីទៅបាត់អស់រយៈពេលជាច្រើនម៉ោងមិនឃើញត្រឡប់មកបាយថ្ងៃត្រង់វិញ ក្រុមគ្រួសារមានការសង្ស័យក៏ពឹងឲ្យប្រជាពលរដ្ឋជិតខាងជួយតាមរកនិងមុជទឹករាវរកនៅក្នុងបាតព្រែក រហូតប្រទះឃើញសាកសពជនរងគ្រោះវ័នជើងជាមួយសំណាញ់ ។ ប្រជាពលរដ្ឋបាននាំគ្នាស្រង់សាកសពជនរងគ្រោះឡើងមកលើគោកហើយសមត្ថកិច្ចក៏បានចុះទៅពិនិត្យកោសល្យវិច្ច័យផងដែរ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសនិងវិទ្យាសាស្រ្ដស្រុកកោះធំបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារឈ្លក់ទឹក ខណៈដែលមុជទឹកចុះទៅដោះសំណាញ់ដែលទាក់ជាប់នៅបាតព្រែក បណ្ដាលឲ្យវ័នជើងជាមួយសំណាញ់ហែលឡើងមកលើគោកមិនរួចទើពបណ្ដាលឲ្យឈ្លក់ស្លាប់តែម្ដង ។ ករណីនេះក្រុមគ្រួសារជនរងគ្រោះមិនបានធ្វើការប្ដឹងផ្ដល់អ្វីឡើយ ពោលគឺ ទទួលស្គាល់ថាជនរងគ្រោះឈ្លក់ទឹកស្លាប់ដោយសារវ័នជើងជាមួយសំណាញ់ ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ
...