ភ្នំពេញ : រដ្ឋលេខាធិការក្រសួង មហាផ្ទៃ លោក ហ៊ុយ វណ្ណៈ និងជាប្រធានសហភាព សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន របៀបអ្នកនយោបាយមិនក្មេងសេចក្តី ប្រើឃ្លាយ៉ាងខ្លីថា, (សំបុត្រផ្ញើជូន «វាគ្មិនមានជំងឺ»! ) ។ ខាងក្រាមនេះជាការលើកឡើងលើ facebook ផ្លូវការរបស់គាត់យ៉ាងដូច្នេះថា, ខ្ញុំបានឆ្លៀតពេលខ្លះស្តាប់ វាគ្មិន ទាំងអ្នកនៅក្នុងស្រុក និងនៅក្រៅស្រុក ដែលសម្តែងមតិ «ទស្សនៈ» នៅតាមបណ្តាញសង្គម លើប្រធានបទ នយោបាយ វប្បធម៌ សេដ្ឋកិច្ចសង្គម និងទិដ្ឋភាពដទៃទៀត ដែលទាក់ទិននឹងប្រទេសកម្ពុជា មាតុភូមិជាទីស្នេហារបស់យើង។
១/ ខ្ញុំសូមកោតសរសើរចំពោះ វាគ្មិន ដែលចំណាយពេលវេលាក្នុងការស្រាវជ្រាវ និងចែករំលែក។ ប៉ុន្តែ គួរឱ្យសោកស្តាយជាពន់ពេកចំពោះ វាគ្មិនខ្លះ ដែលមាន «ជំងឺ»ប្រចាំកាយ ឬជាជំងឺសតិអារម្មណ៍ ក៏ញាំងឱ្យការនិយាយស្តីរបស់គាត់ ប្រែទៅជា ភ្លាំងភ្លាត់ បាត់ម្ចាស់ការ ខ្វះភាពគ្រប់ជ្រុងជ្រោយ អសុរស ហិង្សា និងគ្មានសុជីវធម៌។ បុគ្គលម្នាក់ ទំយើខ្លួនឯង រហូតយកតម្លៃប្រជាជនខ្មែរ ថ្នាក់ដឹកនាំខ្មែរ និងប្រទេសខ្មែរ ទ្រាប់គូទ ដូចជាអសីលធម៌ពេកទេដឹង? នៅលើលោកីយ៍នេះ កុំថាឡើយថ្ងៃប្រវត្តិសាស្ត្ររបស់ជាតិ ៩វិច្ឆិកា ៧មករា ដែលត្រូវកត់ត្រា សូម្បីតែថ្ងៃខែឆ្នាំកំណើតរបស់បុគ្គលម្នាក់ ក៏គេបានចងចាំប្រើប្រាស់រហូតដល់ថ្ងៃស្លាប់។ តែវាគ្មិនភ្លេចកំណើតខ្លះ បែរជាជ្រុលហួសរហូតដល់ ប្រមាថតម្លៃប្រវត្តិសាស្ត្រខ្មែរ។
២/ នៅក្នុងសង្គមជាតិមួយ ការមាន «ទស្សនៈចម្រុះ» គឺជារឿងត្រឹមត្រូវណាស់។ ប៉ុន្តែ វាគ្មិននីមួយៗ ក៏គប្បីយល់ឃើញថា «ការបន្ស៊ីភាពខុសគ្នា ឱ្យចូលគ្នា បំពេញឱ្យគ្នា» ទើបជាការខិតខំដ៏ត្រឹមត្រូវ។ កិច្ចការនេះគឺលំបាកខ្លាំងណាស់ ដែលប្រៀបបាន វង់តន្ត្រីមួយ បើមិនអាចបញ្ចូលភាពខុសគ្នារវាង ស្គរ ហ្គីតា បាស់ អ័ក និងអ្នកច្រៀង ឱ្យស្តាប់គ្នា ឱ្យចូលគ្នានោះទេ គឺច្បាស់ជា វ៉ល់ ហើយ។ សង្គមជាតិយើងក៏ដូចគ្នាដែរ។ វាគ្មិនទាំងឡាយ ដែលអួតខ្លួនថា ជាអ្នកមានប្រាជ្ញា គប្បីប្តេជ្ញាចិត្តដោយសីលធម៌ ធ្វើជា «អ្នកបំភ្លឺផ្លូវ» ដែលអាចនាំខ្មែរ ឆ្ពោះទៅរក «ការឯកភាពគ្នាខាងទស្សនៈ» ទើបជាការប្រសើរ។ ការងារអ្វីក៏ដោយ គឺត្រូវផ្តើមចេញពីការឯកភាពខាងទស្សនៈជាមុនសិន ទើបអនុវត្តទទួលជោគជ័យ។ យើងត្រូវជៀសវាងឱ្យបាន កុំឱ្យពហុទស្សនៈ ក្លាយទៅជាសមរភូមិហែកហួរ និងបង្កើតពហុសត្រូវ ដែលនាំដល់ការប្រេះឆា បែកបាក់សាមគ្គីខ្មែរ។ ការអុជអាល ធ្វើឱ្យសង្គមគ្រោះថ្នាក់។ ការឈ្នានីស ការប្រមាថ ក៏ធ្វើឱ្យសង្គមគ្រោះថ្នាក់ ហើយបែបនេះគឺជាទង្វើរបស់អគតិ មិនមែនជាសប្បុរស របស់អ្នកមានប្រាជ្ញទេ។ សូមកុំបរទេសនិយមជ្រុល រហូតដល់គ្មានប្រាជ្ញាក្នុងការរកចំណុចល្អរបស់ ខ្មែរ ដែលជាមាតារបស់ខ្លួន មិនឃើញសោះនោះ។
៣/ សំណូមពរ៖ គ្រប់គ្នាស្រឡាញ់ជាតិ គ្រាន់តែវិធីរបស់មនុស្សម្នាក់ៗមិនដូចគ្នា ហើយបើនិយាយពីទំនួលខុសត្រូវកាន់តែខុសគ្នា។ វាគ្មិនខ្លះ ទោះបីតាំងខ្លួនជាបណ្ឌិត ជាឧកញ៉ា ជាជនឯករាជ្យក្បាលទល់មេឃជើងមិនជាប់ដីក៏ដោយ ប៉ុន្តែបើលោកអ្នកយល់ឃើញថា អារម្មណ៍ខ្លួនមិនទាន់ល្អ ហើយខ្លួននៅមានជំងឺ គួរសម្រាកមួយរយៈ ព្យាបាលជំងឺខ្លួនឱ្យជាសះស្បើយសិន ចាំមកជួយផ្តល់យោបល់ជួយដល់សង្គមជាតិដ៏ធំធេងនេះ ក៏មិនទាន់យឺតពេលទេ។ បងប្អូនអ្នកស្តាប់ មិនចង់ឱ្យ វាគ្មិនមានជំងឺ និយាយច្រើនពេកដែរ។ កម្ពុជា មិនទៅណាចោលអ្នកឡើយ ខ្លាចតែអ្នកទេដែលទៅមុន ឬចាកចោលកម្ពុជា ៕
ដោយ : សុខ ខេមរា