រដ្ឋធានី គៀវ(Kiev) រងការវាយប្រហារដោយមីស៊ីលឆ្លងទ្វីប នៅព្រឹកថ្ងៃទី ២៥ខែកុម្ភៈឆ្នាំ២០២២(ពេលវេលាក្នុងតំបន់)។ សារព័ត៌មាន CNN បានផ្សាយថា មានករណីផ្ទះខ្លាំងពីរលើកនៅកណ្តាលរដ្ឋធានី គៀវ និងការផ្ទុះលើកទីបីនៅក្បែរនោះដែរនាព្រឹកថ្ងៃទី២៥ខែកុម្ភៈ ។ ក្នុងពេលជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់អាមេរិក បានលើកឡើងថា រដ្ឋធានីអ៊ុយក្រែន នឹងត្រូវ ដួលរលំ ដោយការវាយប្រហារពីរុស្ស៊ីក្នុងពេលដ៏ខ្លីខាងមុខ។ កម្លាំងទាហានរុស្ស៊ីនឹងឡោមព័ន្ធទាហានអ៊ុយក្រែន ដើម្បីឲ្យកម្លាំងទាំហានទាំងនោះទម្លាក់អាវុធចុះចាញ់។ ក្នុងពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានកុំឱ្យបណ្ដាប្រទេសដទៃលូកដៃចូលជួយអ៊ុយក្រែន បើពុំដូច្នោះទេពួកគេនឹងត្រូវជួប ផលវិបាកយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ ខណៈការព្រមាននេះត្រូវបានក្រុមប្រទេសលោកខាងលិចព្រួយបារម្ភពីផ្ទូះអាវុធបរមាណូពីសំណាក់រុស្ស៉ី។ លោក ពូទីន ធ្វើការព្រមានបែបនេះនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី២៥ខែកុម្ភៈ ភ្លាមៗក្រោយលោកប្រកាសធ្វើប្រតិបត្តិការយោធាប្រឆាំង អ៊ុយក្រែន។ បុរសខ្លាំងរុស្ស៊ីរូបនេះ មិនបាននិយាយដល់ការប្រើប្រាស់អាវុធបរមាណូនោះឡើយ ប៉ុន្តែការព្រមានរបស់លោកកំពុងបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះសង្រ្គាមបរមាណូ ប្រសិនបើសង្រ្គាមនៅអ៊ុយក្រែន រាលដាលដល់ប្រទេសជាសមាជិក NATO ដទៃ នៅក្នុងតំបន់អឺរ៉ុបខាងកើត ក្បែរខាងរុស្ស៊ី។ អ៊ុយក្រែនមិនមែនជាសមាជិក NATO ឡើយ ហើយសហរដ្ឋអាមេរិកក៏បានបញ្ជាក់ហើយដែរថា ខ្លួននឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ប្រយុទ្ធ ជាមួយកងទ័ពរុស្ស៊ីនោះទេ។ តែទីក្រុងវ៉ាស៊ីនតោនបានអះអាងថា នឹងចេញមុខចូលជួយភ្លាមៗ បើរុស្ស៊ីឈ្លានពានប្រទេសជាសមាជិក NATO អនុលោមតាមមាត្រា៥ ដែលចែងថា ការវាយប្រហារលើសមាជិក NATO គឺជាការវាយប្រហារលើ NATO ទាំងមូលដែលតម្រូវឱ្យប្រទេសជាសមាជិកទាំងអស់ត្រូវចាត់វិធានការឆ្លើយតប៕ដោយ៖សាធី
រូបថត៖Getty