ខេត្តកណ្ដាល៖ បុរសជាឪពុកបានបាត់កូនប្រុសខ្លួនឯងរយៈពេល២ថ្ងៃដោយពុំឃើញត្រឡប់មកផ្ទះវិញ ក៏ដើររកស្រាប់តែប្រទះឃើញកូនដេកស្លាប់ផ្កាប់មុខរួមជាមួយឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួន។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៩ និង៣០នាទី នៅរោងសង្ក័សីមិនមានមនុស្សត្រង់ចំណុចបឹងតាអាំ ស្ថិតក្នុងភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផល ប្រាំង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកវត្ថុតាងចាប់យករួមមាន៖ អាគុយ០១គ្រឿង ម៉ាកហ្សុីបេ៉ (JP) កម្លាំង៤០អំពែរ, អាំងវែរទរ័១០គ្រាប់១គ្រឿង, ខែ្សភ្លើងមានប្រវែង៤ម៉ែត្រ, ពិលចំនួន១ ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ តេង ផល ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវជាឪពុករបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចនគរបាលឱ្យដឹងថា ជនរងគ្រោះជាអ្នកប្រកបរបររកស៊ីនេសាទ (ឆក់ត្រី) ហើយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះបានចេញពីផ្ទះទៅរកឆក់ត្រីដូចសព្វដង។ រហូតមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបានបាត់កូនរយៈពេលពីរថ្ងៃមកហើយមិនឃើញត្រឡប់មកផ្ទះ ឪពុកមានការសង្ស័យទើបនាំគ្នាតាមរកជនរងគ្រោះនៅតាមទីកន្លែងដែលជនរងគ្រោះធ្លាប់រកត្រី (ឆក់ត្រី) ពីមុន។ លុះពេលដើររកជនរងគ្រោះមកដល់ចំណុចកើតហេតុទើបឈ្មោះ ប្រិច ប្រុស ប្រទះឃើញសពរបស់ជនរងគ្រោះដេកស្លាប់ផ្កាប់មុខលើដងឆក់ត្រីដែលមានអាគុយភ្ជាប់នឹងអាំងវែរទរ័នៅក្រោមជើងរបស់សពជនរងគ្រោះបាត់ទៅហើយ។ ក្រោយមកឪពុកជនរងគ្រោះ និងអ្នកជិតខាងក៏នាំគ្នាលើកសាកសពរបស់ជនរងគ្រោះដាក់លើរ៉ឺម៉កដឹកយកមកផ្ទះ នៅចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ហើយរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទដើម្បីធ្វើការពិនិត្យ ។
ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ សហការជាមួយផ្នែកជំនាញពិនិត្យនិងវិភាគកន្លែងកើតហេតុ ដោយមានការចូលរួមពីលោកមេភូមិ និង លោកមេឃុំ បានធ្វើការពិនិត្យសាកសព ឃើញមានស្នាមខ្លោចមេដៃខាងស្តាំប្រវែង ២៥សង់ទីម៉ែត្រ ក្រៅពីនេះគ្នានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ។
តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារត្រូវចរន្ដអគ្គិសនីឆក់បណ្ដាលឱ្យស្លាប់ប្រាកដមែន ។ ក្រោយធ្វើការពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ស្អាងជ័យ