កូរ៉េខាងជើង :ក្នុងពេលស្ថានការណ៍កំពុងតែប្រឈមមុខតានតឹងក្នុងសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែននោះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាថ្មីក្រោយរយៈពេល១ខែស្ងប់ស្ងាត់។
កម្លាំងការពារដែនសមុទ្រជប៉ុននៅថ្ងៃទី២៧ខែកុម្ភៈ បានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងជាថ្មី ក្រោយផ្អាកជិតមួយខែកន្លងមក ។ សារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តីអគ្គមេបញ្ជាការកងទ័ពចម្រុះកូរ៉េខាងត្បូងដែលបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីល ប៉ុន្តែមិនដឹងថាជាប្រភេទមីស៊ីលអ្វីនោះទេ។
ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកើតឡើងក្នុងពេលដែលកូរ៉េខាងត្បូងត្រៀមបោះឆ្នោតប្រធានាធិបតីដែលនឹងធ្វើឡើងនៅថ្ងៃទី៩ខែមីនា ។ ពលរដ្ឋកូរ៉េខាងត្បូងបារម្ភនឹងកូរ៉េខាងជើងដែលបង្កើនការផលិតមីស៊ីលនិងអាវុធទំនើបៗជាច្រើនទៀត។
កាលពីសប្តាហ៍កន្លងមក បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol បានព្រមានថា កូរ៉េខាងជើងអាចប្រើប្រាស់វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីធ្វើសកម្មភាពឌឺដង៕
ដោយធីរីណា