ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត និងប្រតិភូរួមដំណើរបានអញ្ជើញត្រលប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញវេលាម៉ោង ១១ៈ៤៥ នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញបេសកកម្មរយៈពេលជិត ៣ សប្ដាហ៍ទៅកាន់សហរដ្ឋអាមេរិក និង ប្រទេសកាណាដា ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការចូលរួមចូលឆ្នាំជាមួយបងប្អូនខ្មែរ និង ការបង្រួបបង្រួមខ្មែរតែមួយ នៅសហរដ្ឋអាមេរិក និង ប្រទេសកាណាដា ។ ទទួលស្វាគមន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រលានយន្តហោះអន្តរជាតិពោធិចិនតុង មានលោក ហ៊ុន ម៉ាណា អគ្គនាយិការនៃ អគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍ បាយ័ន្ត ព្រមទាំងឯកឧត្តម លោកជំទាវ និងយុវជន យុវនារី ជាច្រើនរយនាក់ទៀត ។ ខណៈពេលនេះលោកហ៊ុន ម៉ាណែត កំពុងធ្វើសន្និសិទ្ធិសារព័ត៌មាន អំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់សហរដ្ឋអាមេរិក និង ប្រទេសកាណាដា ជាមួយអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ៕
ដោយ៖ សុខ ខេមរា