លោករដ្ឋមន្ត្រី លឹម គានហោ បានអនុញ្ញាតឲ្យលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិ (Chief Executive Officer-CEO) នៃលេខាធិការដ្ឋាន MRC ជួបសំដែងការគួរសម និងពិភាក្សាការងារ តាមរយៈប្រព័ន្ធ ZOOM

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) សម្រាប់កម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិ (Chief Executive Officer-CEO) នៃលេខាធិការដ្ឋាន MRC ជួបសំដែងការគួរសម និងពិភាក្សាការងារ តាមរយៈប្រព័ន្ធ ZOOM ។

ក្នុងកិច្ចជំនួប លោករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ និងស្វាគមន៍លោកបណ្ឌិត Anoulak Kittikhoun ដែលត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC និងបានគូសបញ្ជាក់ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធិធផលសំខាន់ៗដែល MRC សម្រេចបានមកទល់ពេលនេះ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីការគ្រប់គ្រង ការប្រើប្រាស់ ការអភិវឌ្ឍ និងការអភិរក្សធនធានទឹក និងធនធានពាក់ព័ន្ធប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ ។

លោកបណ្ឌិត Anoulak Kittikhoun បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការីបានជួបសំដែងការគួរសម និងបានជម្រាបអំពីការងារជាអាទិភាពសំខាន់ៗដែលត្រូវខិតខំបំពេញឲ្យបានប្រសើរក្នុងអាណត្តិការងាររបស់លោក និងការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ ការខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ឆ្ពោះទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងដោយចីរភាពក្នុងអាងទន្លេមេគង្គ។

បន្ទាប់ពីបានស្តាប់នូវការជម្រាបជូនអំពីការងារសំខាន់ៗដែលត្រូវអនុវត្តចំពោះមុខ និងការប្តេជ្ញាចិត្តរបស់លោកនាយកប្រតិបត្តិ MRCS រួចមក លោករដ្ឋមន្ត្រី និងបានសង្កត់ធ្ងន់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ និងបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ រួមមានកំណើនប្រជាជន និងការអភិវឌ្ឍ ការកើនឡើងនូវតម្រូវការទឹក ការប្រែប្រួលអាកាសធាតុនិងហានីភ័យនៃភាពរាំងស្ងួត និងទឹកជំនន់ជាដើម ដែលបាននិងកំពុងដាក់សម្ពាធមកលើធនធានធម្មជាតិក្នុងអាង ដែលត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងធ្វើកិច្ចសហការរួមគ្នាឲ្យបានកាន់តែប្រសើរក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាព និងដោយចីរភាព ដោយសម្រេចបាននូវវិបុលភាពរួមគ្នា ។ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដែលត្រូវយកចិត្តទុកដាក់ និងបានជូនពរលោកនាយប្រតិបត្តិ ឲ្យទទួលបានជោគជ័យសម្រាប់មុខដំណែងថ្មីនេះ ដើម្បីនាំមកនូវសមិទ្ធិផលសំខាន់ៗបន្ថែមទៀតក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ MRC ។

លោកនាយកប្រតិបត្តិ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្រ្តី និងបានកត់ត្រានូវរាល់មតិយោបល់ ក៏ដូចជាអនុសាសន៍ផ្តាំផ្ញើក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការតំបន់ និងការអនុវត្តការងារ ក្នុងគោលដៅរួមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print