ទុស្សេបណ្តាលឱ្យឆេះខ្សែភ្លើងដាច់ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានការទុស្សេចរន្តអគ្គិសនីឆាបឆេះខ្សែភ្លើងបណ្តាលឱ្យដាច់ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ ផ្អើលដល់សមត្ថកិច្ចនិងពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់និងហៅរថយន្តពន្លត់អគ្គិភ័យឱ្យចេញមកជួយធ្វើអន្តរាគមន៍ហើយសំណាងល្អដែរដែលមិនឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងអង្គតាមិញ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ មានជនជាតិចិនម្នាក់សង្ស័យផ្ទះរបស់គាត់ដាច់ចរន្តភ្លើងបានដើរនិងយកឈើទៅឆ្គឹះឌីសង់ទ័រនៅប្រអប់ភ្លើងលើបង្គោលកន្លែងកើតហេតុ ស្រាប់តែផ្ទុះហុយផ្សែងឆេះតែម្តង រួចរាលឆេះដល់ខ្សែកាប្លិ៍ចម្រុះ ខ្សែអុបទិក ឆេះដាច់ធ្លាក់រាយប៉ាយផ្អើលប្រជាពលរដ្ឋនៅក្បែរនោះយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើង រហូតដល់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង បានចេញមកជួយបាញ់ទឹកពន្លត់ ទើបភ្លើងរលត់ទៅវិញ ។

អគ្គិភ័យឆាបឆេះខ្សែភ្លើង ខ្សែកាប្លិ៍ចម្រុះ ផ្តើមចេញពីទុស្សេចរន្តភ្លើងនេះមិនបង្កឱ្យអ្នកណារងរបួស ឬឆេះប៉ះពាល់ដល់ផ្ទះពលរដ្ឋនោះទេ តែខ្សែភ្លើង ខ្សែកាប្លិ៍ជាច្រើនត្រូវបានឆេះដាច់ធ្លាក់ពេញផ្លូវ ៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print