ខេត្តស្ទឹងត្រែង៖ រថយន្តសាំងយ៉ុងលួចដឹកឈើល្មើសច្បាប់ ២គ្រឿងលានឈើចេញក្រៅវែងៗ និងចងពីក្រោយរថយន្ត សំញ៉ែង ខុសបច្ចេកទេសថែមទៀត ក្នុងការរកស៉ីដឹកជញ្ជូយ៉ាងសកម្មផងដែរ ពុំដែលខ្លាចញញើតនិងសមត្ថកិច្ចឡើយ។ដែលធ្វើឲ្យមានហានិភ័យផ្សេងៗ ប៉ះពាល់បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងរដ្ឋបាលប៉ុស្តិ៍អូរម្រះ និងនគបាលចរាចរណ៍ផ្លូវគោក តាមប្រមាញ់និងស្ទាក់ឃាត់បាន នៅយប់ថ្ងៃទីសុក្រ ៣កើត ខែផល្គុន ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១,០០នាទី ឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចស្រែបេង ស្ថិតក្នុងភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
នេះបើតាមប្រភពពីមន្ត្រីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងដែរថា: ក្នុងការប្រតិបត្តិការចុះបង្ក្រាបនេះ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោអ៊ូត ស៉ីវុត្ថា ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ចាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីសាន់ និម៉ុល ស្នងការរងនគបាលខេត្តស្ទឹងត្រែង ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច។ ទើបកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងកោលដៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរម្រះ ឈានដល់បង្ក្រាបរថយន្តសាំងយ៉ុង ដឹកបទល្មើសផលអនុផលព្រៃឈើចំនួន២រថយន្តសាំងយ៉ុងខាងលើនេះ នៅចំណុចគោលដៅខាងលើ បម្រុងដឹកឆ្លងដែនចូលទឹកខេត្តក្រចេះ។
ប្រភពដដែលបានបន្តថា: នេះជាលើកទី២ហើយដែលកម្លាំង នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ធ្វើការឆ្មក់បង្ក្រាបរថយន្តដឹកផលអនុផលព្រៃឈើល្មើសច្បាប់នេះ។ ទី១.បង្ក្រាបទៅលើរថយន្តប្រភេទ(V1) ដឹកដំឡូងមីនិងគ្រាប់ស្វាយចន្ទី លួចបង្កប់ឈើល្មើសច្បាប់ពីក្រោម សមត្ថកិច្ចរកឃើញជិតទៅដល់២០ម៉ែត្រគូបឯណោះ នាំយកមកស្នងការដ្ឋានខេត្ត កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ និងធ្វើការផ្ទេរប្រគល់ឲ្យទៅរដ្ឋបាលព្រៃឈើខេត្ត ចាត់ការបន្តតាមច្បាប់ នៅថ្ងៃទី០៤ ខែមីនានេះដែរ នៅចំណុចគោលដៅចរាចរណ៍ផ្លូវគោកអូរច្រឡង់ ស្ថិតក្នុងភូមិអូរឬស្សីកណ្ដាល ឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក។
ចំណែករថយន្តសាំងយ៉ុងំនួន២គ្រឿងនេះដែរ ជាមុខសញ្ញាចាស់ហើយយ៉ាងសកម្មផងដែរ ក្នុងការរកស៉ីលួចដឹកផលអនុផលព្រៃឈើនេះ តែត្រូវអស់លាក់ត្រូវកម្លាំងសមត្ថកិច្ចយើង ឆ្មក់និងឃាត់បង្ក្រាបបាន នៅចំណុចភូមិសាស្ត្រខាងលើ។ សមត្ថកិច្ចបញ្ចាក់ដែរថា: ក្នុងប្រតិបត្តិការបង្ក្រាបនេះ មិនបានឃាត់ឬចាប់តៃកុងឬម្ចាស់ឈើឡើយ ពេលឈប់រថយន្តក្រុមល្មើសច្បាប់ទាំងនោះដឹងខ្លួនមុនក៏បើកទ្វាររថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ហើយសមត្ថកិច្ចក៏នាំរថយន្តល្មើសច្បាប់ខាងលើ អូសយកមករក្សាទុក នៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ត រួចហើយនិងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្ត បន្តនីតិវិធីតាមច្បាប់រដ្ឋបាលព្រៃឈើផងដែរ៕
ដោយ:មាស សុផាត