ជនជាតិចិន១៥៣នាក់ ក្នុងចំណោម១៥៥នាក់ត្រូវតុលាការប្រទេសមីយ៉ាន់ម៉ាកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដោយសារតែពួកគេទាំងនោះបានលួចចូលក្នុងទឹកដីមីយ៉ាន់ម៉ា ហើយធ្វើសកម្មភាពលួចកាប់ឈើខុសច្បាប់ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា តុលាការមួយនៅក្នុងតំបន់ Myitkyina រដ្ឋធានីមួយក្នុងខេត្ត កាជីនរបស់មីយ៉ាន់ម៉ាបានកាត់ទោសជនជាតិចិន១៥៥នាក់កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ។ ជនសង្ស័យ២នាក់ក្នុងចំណោមជនសង្ស័យទាំងនោះត្រូវតុលាការលើកលែងការដាក់ទោសអស់មួយជីវិត ដោយជាប់ពន្ធនាគារតែរយៈពេល១០ឆ្នាំប៉ុណ្ណោះក្នុងម្នាក់ៗ ។ ក្រៅពីនេះគឺជាប់ពន្ធនាគារអស់មួយជីវិត ។
មន្ត្រីតុលាការខាងលើមួយរូបបានថ្លែងថា ជនជាប់សង្ស័យទាំងអស់មានឱកាសប្តឹងជំទាស់ចំពោះការកាត់សេចក្តីរាប់តុលាការនាពេលនេះ ។ មន្ត្រីមកពីពន្ធនាគារតំបន់ Myitkyina ក៏បានបញ្ជាក់ពីករណីដែលថាមានការកាត់ទោសជនជាតិចិនលួចកាប់ឈើខុសច្បាប់រហូតដល់១៥៣នាក់នេះផងដែរ។
ទាក់ទងបញ្ហានេះ ក្រសួងការបរទេសចិន បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាពាក់ព័ន្ធឈានដល់ការសម្រេចចិត្តកាត់សេចក្តីរបស់តុលាការមីយ៉ាន់ម៉ាទៅលើពលរដ្ឋចិនទាំងអម្បាលម៉ានខាងលើនេះ ហើយបានតវ៉ាប្រឆាំងចំពោះសេចក្តីសម្រេចទាំងនេះ។ នៅក្នុងសេចក្តីប្រកាសមួយយ៉ាងខ្លី ក្រសួងការបរទេសចិនបានបញ្ជាក់ថា ជាថ្មីម្តងហើយម្តងទៀត និងតាមគ្រប់រូបភាព និងគ្រប់កម្រិត ចិនតែងតែបានធ្វើបទបង្ហាញជាមួយមីយ៉ាន់ម៉ាស្តីអំពីករណីនេះ។
ចិនបានទាមទារថា មីយ៉ាន់ម៉ាត្រូវតែដោះស្រាយចាត់ការករណីនេះប្រកបដោយលក្ខណៈតាមផ្លូវច្បាប់ និងយុត្តិធម៌ សមហេតុសមផល ។ ប្រភពបន្តថា ករណីនេះគួរតែបញ្ចប់ឲ្យបានត្រឹមត្រូវ ហើយបញ្ជូនពលរដ្ឋទាំងនេះត្រឡប់មកវិញឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ។
សូមបញ្ជាក់ថា ជនជាតិចិនទាំងនេះត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០១៥ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ និងការធ្វើជំនួញទៅលើព្រៃឈើខុសច្បាប់ របស់កម្លាំងយោធា ប៉ូលិស និងនាយកដ្ឋានរុក្ខាប្រមាញ់ និងនេសាទមីយ៉ាន់ម៉ា ។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានឲ្យដឹងថា អំឡុងពេលប្រតិបត្តិការខាងលើ សមត្ថកិច្ចមីយ៉ាន់ម៉ាបានរឹបអូសរថយន្តជាង៤០០គ្រឿង និងដកហូតឈើប្រមាណ១៦០០ដើម ។
លោក Aye Myint Maung អនុរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរុក្ខាប្រមាញ់មីយ៉ាន់ម៉ាបានថ្លែងទៅកាន់សភាកាលពីខែមិថុនា ឆ្នាំ២០១៥ថា ឈើប្រមាណ១០.០០០តោនដែលខុសច្បាប់ត្រូវបានរឹបអូសពីឈ្មួញខុសចាប់ចាប់តាំងពីខែមករារៀងរហូតមក ។ ឈើទាំងអស់នេះភាគច្រើនរិបអូសពីរដ្ឋកាជីន ។
រដ្ឋកាជីនរបស់មីយ៉ាន់ម៉ាហាក់មានការកើនឡើងនូវអំពើហិង្សា និងជម្លោះរ៉ាំរ៉ៃតាំងពីឆ្នាំ២០១១រហូតមក បន្ទាប់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល១៧ឆ្នាំរវាងយោធាមីយ៉ាន់ម៉ា នឹងក្រុមកុលសម្ព័ន្ធភាគតិចកាជីនបានប្រេះស្រាំលែងមានប្រសិទ្ធភាពនោះ ៕