ខេត្តបន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន សម្តែងនូវភាពស្និទស្នាលជាមួយប្រជាពលរដ្ឋប្រកបដោយទឹកចិត្តរីករាយ ដោយសម្តេចមានប្រសាសន៍ថាៈ ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ ដែលបានមកសម្ពោធផ្លូវជាតិលេខ៥៦ ប្រវែងជាង ១២៤គីឡូម៉ែត្រ ដែលតភ្ជាប់រវាងខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនេះ។
ពិតណាស់ យើងបាននិងកំពុងប្រែក្លាយតំបន់អតីតសមរភូមិអោយទៅជាតំបន់អភិវឌ្ឍន៌ ហើយប្រែក្លាយតំបន់នៅតាមព្រុំដែនឱយទៅជាតំបន់សន្តិភាព មិត្តភាពនិងសហប្រតិបតិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
ខ្ញុំសង្ឃឹមថាផ្លូវជាតិលេខ ៥៦ នេះនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបជំនួញការងារផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ និងតាមព្រំដែន ព្រមទាំងឆ្លងកាត់ទៅកាន់បណ្តាខេត្តនានា។ ច្បាស់ណាស់ មានផ្លូវគឺមានសង្ឃឹម។ ដោយសារសន្តិភាពទើបយើងមានឱកាសបានកសាងផ្លូវជាតិ និងប្រទេសជាតិបានរីកចម្រើន។ ជាមួយនិងការសប្បាយរីករាយយើងបាននិងប្រឈមនិងការលំបាកធ្ងន់ធ្ងរដោយសារការរាំងស្ងួតធ្វើឱយប្រាជាជនខ្វះខាតទឹកទទូលទាននិងប្រើប្រាស់។ដូចនេះហើយបានជានៅថ្ងៃនេះ ខ្ញុំបានប្រកាស់ចេញនូវយុទ្ឋនាការទ្រង់ទ្រាយធំដើម្បីចែកចាយទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។ នេះគឺជាបទបញ្ជាដាច់ណាត់ ដែលអាជ្ញាធរមានសមត្ថកិច្ច និងខេត្តត្រូវដោះស្រាយអោយខានតែបាន។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវធ្វើកិច្ចការនេះដោយផ្ទាល់។ អំពាវនាវចំពោះកាកបាទក្រហមកម្ពុជាចូលរួមក្នុងយុទ្ឋនាការនេះ។ អំពាវនាវចំពោះសប្បុរសជន និងបណ្តាបក្សនយោបាយចូលរួមជួយដល់ប្រជាជនដែលកំពុងលំបាកនេះ។ មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ជួបគ្រោះដោយសារខ្វះទឹកទទួលទាននោះឡើយ ជាពិសេសស្រ្តីមេម៉ាយ ចាស់ជរា និងជនពិការ។ ត្រូវប្រើវិធានការណ៍សរុប កម្លាំងសរុប មធ្យោបាយសរុបទើបអាចដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនេះបាន។
នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិទូទាំងខេត្តបន្ទាយមានជ័យ និងនៅទូទាំងប្រទេស សូមជួបតែសេចក្តីសុខ និងពុទ្ឋពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សុខ ខេមរា