បទវិភាគៈតើ​អ្វី​នៅ​ពីក្រោយ​ការ​ជំរុញឲ្យ​ អ៊ូ វីរៈ និយាយ​លាប​ពណ៌ CPP រហូត​ដល់​មាន​បណ្តឹង?

ចែករំលែក៖

លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត និងជាអ្នកវិភាគផង​នោះ ម្តង​ជា​ពីរ​ដង តែង​​បាន​និយាយញុះញង់ និង​លាបពណ៌​​​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​​​បច្ចុប្បន្ន។ ការ​ញុះញង់ អុច​អាល លាបពណ៌របស់​អ្នក​វិភាគ​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក អ៊ូ វីរៈ បាន​ចេញ​មុខ​ការពារពេញ​ទំហឹងនូវ​ទង្វើ​អាក្រក់​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រធាន​បក្សលោក សម រង្ស៊ី និង​ប្រធាន​ស្តីទីលោក កឹម សុខា ជា​ដើម។

លោក អ៊ូ វីរៈ ដែល​ជា​អ្នក​វិភាគ​មាន​សញ្ជាតិ​អាមេរិកាំង​ផង​នោះ បាន​បើក​ការ​វាយ​ប្រហារ​ចំៗមក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ន័យ​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​កំពុង​ធ្លាក់​ចុះ​ប្រជា​ប្រិយភាព ស្ទើរ​តែ​បាត់​បង់​អស់​អ្នក​គាំទ្រក្នុង​រយៈពេល​ចុងក្រោយ​​នេះ​។
សំណួរ​សួ​ថា តើ​មូល​ហេតុ​អ្វី​លោក អ៊ូ វីរៈ ត្រូវ​ការ​ពារ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​ចោទ​ប្រកាន់​រឿង​រ៉ាវ​បុគ្គល​ផ្ទាល់​ខ្លួន​របស់​ប្រធាន​ស្តីទីបក្ស​សង្គ្រោះជាតិលោក កឹម សុខា ថា ជាការ​រៀប​ចំ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា?
ចម្លើយ​ងាយ​យល់​​ទេ លោក អ៊ូ វីរៈ ​ជាមនុស្ស​ជំនិត​របស់​លោក កឹម សុខា តាំងពី​លោក កឹម សុខា ជា​​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា។ លោក អ៊ូ វីរៈ ​បាន​ឡើង​ធ្វើ​ប្រធាន​​មជ្ឈ​មណ្ឌល សិទ្ធិ​មនុស្សកម្ពុជាតាម​ការ​ចាត់​តាំង​របស់​លោក កឹម សុខា ខណៈលោក កឹម សុខា លាឈប់​ពី​អង្គការ ទៅបង្កើត​បក្សនយោបាយ គឺ​គណបក្ស​​សិទ្ធិ​មនុស្ស។
លោក អ៊ូ វីរៈ ជា​បង​ប្អូន​បង្កើត​ជាមួយ អ៊ូ ច័ន្ទរ័ត្ន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​តាកែវ និង លោក អ៊ូ ច័ន្ទ​ឬទ្ធិ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិមណ្ឌលកណ្តាល និង​ជាប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ។
ទឡ្ហីករណ៍​ខ្លះៗ​នេះ ​គេ​អាចសន្និដ្ឋាន​បាន​ថា ចង់​មិន​ចង់​លោក អ៊ូ វីរៈ ចាំ​បាច់​ត្រូវ​ចេញ​មុខ​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គ​ល កឹម​ សុខា​ ក្នុង​នាម​ជា​អ្នក​វិភាគ​ឯករាជ្យ។ ការ​ចេញ​មុខ​ការពារគណបក្ស​សង្គ្រោះជាតិ និង​បុគ្គល​ កឹម សុខា ​បាន​ធ្វើ​ឲ្យ​លោក អ៊ូ វីរៈ ​​ប្រព្រឹត្ត​កំហុស គឺការ​បរិហាកេរ្តិ៍ និង​បាន​បំពាន​​មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា។
លោក អ៊ូ វីរៈ បាន​អះអាង​ថា រឿង​ដែល​កើត​មាន​ឡើង​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ​ជា​ពិសេស​រឿង​រ៉ាវ​ស្នេហា​លួច​លាក់របស់​លោក​ កឹម សុខា​ ជាមួយ​​ស្រី​មុំ និង​ស្រីក្មេង​ៗជា​ច្រើន​ទៀត​ សុទ្ធ​តែ​ជា​ការ​រៀប​ចំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ការចោទប្រកាន់​ដោយ​គ្មាន​ភ័ស្តុតាំង និង​មូល​ដ្ឋាន​ច្បាស់​លាស់នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា ជាការ​លាប​ពណ៌ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ និង​កិត្យានុភាព​របស់​បក្ស។ ដូច្នេះ​គណបក្សប្រជាជន​កម្ពុជា តាម​រយៈអ្នក​នាំពាក្យ​លោក សុខ ឥសាន្ត ​បាន​សម្រេចដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សាលា​ដំបូងរាជធានីភ្នំពេញ ប្តឹង​លោក អ៊ូ វីរៈ ថា បាន​បរិហាកេរ្តិ៍ និង​ទារ​សំណង​ចំនួន ៤០០លាន​រៀល ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​របស់​ខ្លួន៕​

ដោយ​ នគរដ្រេហ្គន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print