ប្រទេសជាតិមានសុខសន្តិភាព និងការ​អភិវឌ្ឍន​ ផ្ដើមចេញពីគុណបំណាច់អតីតយុទ្ធជន

ចែករំលែក៖

ខេត្តកំពង់ចាម÷នារសៀលថ្ងៃ ទី២៨  ខែមីនា  ឆ្នាំ ២០២២ លោក អ៊ុន  ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះ សំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម  ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស -អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសមាជិកសមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម ចូលរួមប្រមាណជាង ២៥០នាក់ ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

មានមតិស្វាគមន៍លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខា សមាគមអតីតយុទ្ធជនកម្ពុជា ជួសមុខឱ្យបងប្អូនអតីតយុទ្ធជនទូទាំងខេត្ត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ជាពិសេសបាននាំយកវ៉ាក់សាំងបង្ការជំងឺកូវី១៩ មកចាក់ជូនពួកគាត់ ទាំងដូសមូលដ្ឋាន និងដុះជំរុញរហូតការពារបានពីជំងឺដ៏មហាប្រល័យ នឹងបានរស់នៅជួបជុំក្រុមគ្រួសារយ៉ាងមានសុភមង្គល ក្រោមម្លប់សុខសន្តិភាពសម័យតេជោ សែន។ 

ថ្លែងទៅកាន់បងប្អូនអតីតយុទ្ធជន ក្នុងអង្គពិធីដ៏ឱឡារឹកនោះទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរ សុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ចាមទាំងមូល។ ទេសរដ្ឋមន្ត្រី ក៏បានស្នើដល់មូលដ្ឋានត្រូវថែទាំ និងយកចិត្តទុកដាក់សុខទុក្ខជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ព្រោះពួកគាត់បានចូលរួមពលី និងលះបង់ ដើម្បីជាតិច្រើនណាស់។

ទេសរដ្ឋមន្ត្រី បន្តថា ដោយឡែកថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្ត ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើជាសេនាធិការឲ្យអភិបាលខេត្ត ធ្វើការគ្រប់គ្រងដី សម្បទានសង្គមកិច្ច ដែលរដ្ឋប្រគល់ឲ្យដើម្បីបែងចែកជាឡូត៍ នឹងស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងផ្ទះជូនបងប្អូនសមាជិកដែលអត់ដីអត់ផ្ទះ។

ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាង សកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ លោកក៏បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជនដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឲ្យទាន់ពេលវេលា ដើម្បីជាការដឹងគុណ និងជាការតបស្នងនូវគុណបំណាច់យ៉ាងធំធេងរបស់អតីតយុទ្ធជន ចំពោះជាតិ មាតិភូមិ និងប្រជាជនកម្ពុជា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print