ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធ កម្ពុជាកំពុងទន្ទឹងរង់ចាំការឆ្លើយតបពីក្រសួងអប់រំយុវជននិងកីឡាចំពោះសំណើសុំថវិកា សម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតជើងឯកគោលបំណងសម្រាំងយកកីឡាករកីឡា ការិនីដែលមានគុណភាពដាក់ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ National Games លើកដំបូង របស់កម្ពុជានាចុងខែតុលានិងបញ្ចប់នូវដើមខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។
លោក ណាយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៨ ខែ មេសាកន្លងទៅថា សហពន្ធ័របស់លោកមានគម្រោងបង្កើតកម្មវិធីប្រកួតថ្មីមួយទៀតដើម្បីសម្រាំងរកអត្តពលិកល្អស្របតាមផែនការក្រសួងឆ្នាំ២០១៦ ហើយសហព័ន្ធក៏បានដាក់លិខិតស្នើសុំថវិកាសម្រាប់រៀបចំការប្រកួតទៅក្រសួងរួចរាល់ដែរ ពោលគឺនៅតែរង់ការឆ្លើយតបមកវិញតែប៉ុណ្ណោះ ។
លោក អគ្គលេខាធិការបានបញ្ជាក់ថា ការរៀបចំការប្រកួតអាចនឹងធ្វើឲ្យបានយ៉ាងហោចណាស់ មុនព្រឹត្តិការណ៍ល្បែងកីឡាជាតិឬក៏ National Games មកដល់ នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។ គួររំលឹកថា បើតាមផែនការរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានៅឆ្នាំ២០១៦នេះ យ៉ាងហោចណាស់ ក៏មានការប្រកួតធំៗ ចំនួន៣ដែរក្នុងនោះមានទាំងការប្រកួតថ្នាក់ជាតិល្បែងកីឡាជាតិ និងការប្រកួតដណ្តើមពានប្រធានសហព័ន្ធ ឬ President Cup ៕
ដោយ៖ សារីម