ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុងហ្វេសប៊ុកមុននេះប៉ុន្មាននាទីថាៈ ខ្ញុំសូមអរគុណក្រុមហ៊ុនឯកជន ពាណិជ្ជករ ក្រុមអ្នកស្ម័គ្រចិត្ត អង្គការ សមាគម យុវជន សិស្សនិស្សិត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច កាកបាទក្រហមកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមចំណែកជួយផ្តល់ទឹកដល់ពលរដ្ឋរងគ្រោះ ដែលកំពុងត្រូវការទឹកទទួលទាន។
សម្តេចបញ្ជាក់ថាៈ នេះជាយុទ្ធនាការដែលមិនធ្លាប់មានពីមុនមក ព្រោះរលកកំដៅនិងការរាំងស្ងួតរយៈពេលវែងបាននាំមកនូវផលលំបាកបែបនេះ មិនថាតែប្រទេសយើងមួយនោះទេ គឺប្រទេសក្នុងតំបន់ទាំងមូល។ យុទ្ធនាការនេះត្រូវការរយៈពេលវែង ហើយវិសាលភាពកាន់តែធំ ព្រោះបឹង ស្រះ ត្រពាំង អណ្តូង កាន់តែអស់ទឹក និងរីងស្ងួត តម្រូវឱ្យយើងបង្កើនការផ្គត់ផ្គង់កាន់តែច្រើន និងកាន់តែធំទូលាយថែមទៀត។
សម្តេចសូមអោយបងប្អូនប្រជាពលរដ្ឋជួយផ្តល់ព័ត៌មាន និងរាយការណ៌រជូនអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើមានបងប្អូននៅទីកន្លែងណា ជាពិសេស ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការកំពុងជួបបញ្ហាខ្វះទឹកទទួលទាន៕
សុខ ខេរា