សេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២២ របស់ក្រសួងធនធានទឹក និងឧតុនិយម

ចែករំលែក៖

ភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២៩២២ បានចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២២ ដោយបញ្ជាក់ថា, បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តលើស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ដល់សាធារណជនឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២២ ដូចខាងក្រោម ៖

១- បាតុភូតសកល ៖
ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រ ប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ ២០២២ នេះ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភា រហូតដល់ខែកក្កដា ទទួលរងនូវឥទ្ធិពលពីបាតុភូត ( Neutral ) ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nina (ត្រជាក់) មាន ៦០ % និងបាតុភូត La Nina មាន ៤០ % ។ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ទទួលរងឥទ្ធិពលពីបាតុភូត Neutral មាន ៦០ % បាតុភូត La Nina មាន ៣០ % និងបាតុភូត El Nino មាន ១០ % ។

២- រដូវវស្សាឆ្នាំ ២០២២ ៖
ក- ដើមរដូវវស្សា ៖ រដូវវស្សាឆ្នាំ ២០២២ នឹងចូលមកដល់នៅសប្តាហ៍ទី ១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ ។ នៅដើមរដូវវស្សានេះ នឹងអាចមានភ្លៀង លាយឡំផ្គរ រន្ទះ និងខ្យល់គួចរយៈពេលខ្លី (Squall) កើតមានច្រើន ។
ខ- ពាក់កណ្តាលរដូវវស្សា ៖ ចាប់ពីខែសីហា ដល់ខែតុលា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ។ នៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងបណ្តុំខ្យល់គួច (Trump Wind or Whirl Wind) បន្តកើតមានច្រើន ក្នុងនោះនឹងអាចបណ្តាលឲ្យបណ្តារាជធានី ខេត្ត មួយចំនួន ដែលមានភូមិសាស្រ្តជាប់ ក្បែរនឹងតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ។
គ- ចុងរដូវវស្សា ៖
រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី ៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ ។ នៅចុងរដូវវស្សានេះ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់មធ្យម ។

៣- កូនរដូវប្រាំង ៖
នៅក្នុងរដូវវស្សាឆ្នាំ ២០២២ នេះ អាចនឹងមិនកើតមានកូនរដូវប្រាំងនោះទេ ប៉ុន្តែបរិមាណ ទឹកភ្លៀងអាចមានសភាពថមថយខ្លះ (អំឡុងចុងខែកក្កដា ឬដើមខែសីហា) តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។

៤- ស្ថានភាពព្យុះ ៖
នៅក្នុងឆ្នាំ ២០២២ នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៦-២៨ ព្យុះ នៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បានជ្រាបជាព័ត៌មាន ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print