នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ បានទម្លុះទម្លាយ និងធ្វើឲ្យធូរស្រាលពាក់ព័ន្ធដែលថាវៀតណាមមានការប្រកួតប្រជែងដណ្តើមតំណែងថៃជាប្រទេសផលិតនៅក្នុងតំបន់នោះ ដោយនិយាយថា វៀតណាមគឺជាប្រទេសជាមិត្ត មិនមែនជាប្រទេសប្រកួតប្រជែងនោះទេ ។
ការធ្វើអត្ថាធិប្បាយបែបនេះធ្វើឡើងនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបាងកករបស់នាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀង តឹងយ៉ុង និងស្របពេលកាលៈទេសៈនាពេលបច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនបរទេសភាគច្រើនបានផ្លាស់ប្តូរការវិនិយោគទុនរបស់ខ្លួនចេញពីប្រទេសថៃឆ្ពោះទៅកាន់ប្រទេសវៀតណាម មួយផ្នែកដោយសារតែថ្នាក់ដឹកនាំនោះ ។
លោកប្រយុទ្ធ ចាន់អូចា បានថ្លែងនៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីង្វៀង តឹងយ៉ុងថា «ថ្ងៃនេះ យើងប្រើពាក្យថាមិត្ត មិនមែនប្រើពាក្យថា អ្នកប្រកួតប្រជែងនោះឡើយ»។ លោកបន្ថែមទៀតថា ប្រទេសថៃ និងប្រទេសវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេនៅក្នុងតំបន់ប្រទេសប្លុកអាស៊ាន ។
មន្ត្រីថៃបានសម្តែងការព្រួយបារម្ភដែលថា វៀតណាមបាននិងកំពុងទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើនឡើងឲ្យចូលទៅក្នុងប្រទេសរបស់ខ្លួន ហើយថែមពីលើក្តីកង្វល់នេះទៀតនោះគឺរដ្ឋាភិបាលបានជំរុញឲ្យផ្នែកឯកជនឲ្យផលិតកាន់តែលឿនថែមទៀត និងច្រើនថែមទៀត ខណៈដែលកំពុងមានកំណើនយឺតៗនោះ ។
គិតទៅមានរយៈពេលជិតមួយទសវត្សរ៍ដែលស្ថានការណ៍នយោបាយក្នុងប្រទេសថៃមានការចលាចល ។ ការផ្ទុះអំពើហិង្សា និងការធ្វើបាតុកម្មនៅតាមដងផ្លូវច្រើនលើកច្រើនសានោះនាំឲ្យមានការចោទជាសំណួរថា តើប្រទេសថៃអាចរក្សាលំនឹង ឬស្ថិរភាពនៅក្នុងតំណែងជាអ្នកផលិតច្រើនជាងគេនៅក្នុងតំបន់ទៀតដែរយ៉ាងណា ដោយផ្អែកតែទៅលើអ្នកវិនិយោគមកពីបរទេសនោះ?
លោកប្រាយុទ្ធ គឺជាអតីតមេទ័ពថៃ ដែលបានធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ និងបានធ្វើឲ្យស្ថានការណ៍តានតឹងផ្នែកនយោបាយក្នុងប្រទេសមានដំណើរការល្អប្រសើរឡើងវិញ ។
នៅក្នុងសន្និសីទកាសែត លោកង្វៀង តឹងយ៉ុងថ្លែងថា ថៃ និងវៀតណាមបានព្រមព្រៀងបង្កើនវិនិយោគពាណិជ្ជកម្មរួមគ្នាឲ្យបានក្នុងទំហំទឹកប្រាក់២០ពាន់លានដុល្លារមុនឆ្នាំ២០២០ ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៤មានទឹកប្រាក់១១.៨ពាន់លានដុល្លារ នេះបើតាមក្រសួងពាណិជ្ជកម្មប្រទេសថៃ ។
ចាប់តាំងពីការធ្វើរដ្ឋប្រហារឆ្នាំ២០១៤មក ប្រទេសថៃហាក់មានការប្រាស្រ័យទាក់ទងល្អប្រសើរជាមួយប្រទេសចិន ដោយសារតែប្រទេសចិន និងប្រទេសវៀតណាមមានជម្លោះតានតឹងក្នុងបញ្ហាដែនអធិបតេយ្យស្ថិតនៅសមុទ្រចិនភាគខាងត្បូង ។
ចិនបានវាតទីគ្រប់គ្រងស្ទើរតែទាំងស្រុងផ្លូវនាំចេញទំនិញតាមដែនសមុទ្រស្ថិតនៅសមុទ្រចិនខាងត្បូងដែលចរាចរណ៍ទំនិញចេញ ចូលក្នុងមួយឆ្នាំៗខ្ទង់៥ពាន់ពាន់លានដុល្លារ។ នៅទីតាំងនេះកំពុងតែមានវិវាទជាមួយប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងប្រ៉ុយណេ ដោយទាមទារតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសចិន ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និងថៃ កាលពីថ្ងៃទី២៣ ខែកក្កដា ភាគីទាំងពីរបានចាត់ទុកថា ជម្លោះនៅដែនសមុទ្រចិនខាងត្បូងពិតជាបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្ត និងការជឿជាក់ ព្រមទាំងជាការគំរាមកំហែងដល់ស្ថិរភាព ព្រមទាំងសេរីភាពក្នុងការធ្វើនាវាចរណ៍ក្នុងតំបន់ផងដែរ ៕