Update : សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ : នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក ចំនួន៥៦០នាក់ មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានខិតខំហ្វឹកហ្វឺនដល់កីឡាករទាំងអស់ទទួលបានជ័យជំនះជាបន្តបន្ទាប់។ ហើយការចេញទៅប្រកួតលើកនេះសរុបទាំងអស់មានចំនួន៥៦០ នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំប្រមាណជាង៤០នាក់ ដែលនេះចំនួនដ៏សមស្របមួយ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់មុនទៅចូលរួមប្រកួតកីឡា SEA Games នៅប្រទេសវៀតណាមនាពេលខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកកីឡាករ កីឡាការិនីទាំងអស់ ពេលចេញទៅប្រកួត គឺតំណាងឱ្យជាតិទាំងមូល។ សេចក្តីថ្លៃថ្នូររបស់ជាតិ គឺពិតជាសំខាន់ណាស់ ដូច្នេះយើងមិនត្រូវធ្វើអ្វីដែលនាំដល់ការអាប់ឱនកិត្តិយសជាតិនោះឡើយ។ សម្តេចតេជោបានមានប្រសាសន៍ណែនាំដល់កីឡករ កីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌប្រកួត ក៏ដូចជាការប្រើប្រាស់សារធាតុប៉ូវកម្លាំងជាដើម។ សម្តេចតេជោបានបន្តថា ទោះបីដាក់គោលដៅយកមេដាយឱ្យបានច្រើនក៏ដោយ តែមិនត្រូបំពានច្បាប់ បំពានវិន័យ និងការប្រើប្រាស់ថ្នាំប៉ូវ កម្លាំងជាដាច់ខាតដែលនាំឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ជាតិ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការពិចារណាបំលាស់ទីអ្នកជំងឺកូវីដ-១៩ពីពហុកីឡដ្ឋានជាតិអូរឡាំពិក ទៅកាន់មន្ទីរពេទ្យហ្លងម៉ែ ឬកន្លែងផ្សេង ដើម្បីប្រគល់ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រឡប់ទៅបម្រើការងារកីឡាឡើងវិញ ដើម្បីត្រៀមរៀបចំទីតាំងសម្រាប់ការប្រកួតកីឡាផ្សេងៗពេលដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំក្រោយ។ ការបំលាស់ទីតាំងអ្នកជំងឺនេះ សម្តេចតេជោបានផ្តល់យោបល់ថា អាចយកពួកគាត់ទៅមណ្ឌលចាក់ចង្រែ ឬទៅមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ព្រែកព្នៅ តែមណ្ឌលនេះបើតាម ឯកឧត្តម ឃួង ស្រេង ថាអាចនឹងសាងសង់រួចរាល់ដើមឆ្នាំ២០២៣។

នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍បង្ហាញពីគោលបំណងចង់ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែអោយទៅជាមន្ទីរពេទ្យឯកទេសខាងព្យាបាលជំងឺមហារីកនាពេលខាងមុខផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីជំងឺកូវីដ-១៩ បានថមថយក៏ពិតមែន តែកម្ពុជាមិនបោះបង់ការត្រៀមលក្ខណៈឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈនោះឡើយ គឺយើងត្រូវតែបន្តការការពារជាបន្តទៀត។

ក្នុងឱកាសនៃការទៅចូលរួមប្រកួតកីឡា SEA Games នៅប្រទេសវៀតណាមខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់អោយខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជំនះបន្ថែមទៀត ។ សម្តេចតេជោបានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកចំនួន ៥៦០នាក់ ក្នុងម្នាក់ៗទទួលបាន $500 សម្រាប់ការធ្វើដំណើរ។

មុននឹងបញ្ចប់​ សម្តេចតេជោ ហ៊ុន សែន បានជូនពរកីឡាករកីឡារិនី និងគ្រូបង្វឹកទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកួត និងជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print