សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសាលាសង្កាត់អូរឫស្សីទី២

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសាឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជូយរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសង្កាត់នាឱកាសនោះ សម្តេចវិបុលសេនាភក្តីបានជម្រាបសួរសុខទុក្ខ និងសាកសួរអំពីស្ថានភាព ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាមន្ត្រី ជាកងម្លាំងនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចប្រធានក្រុមការងារ បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់ដែលកន្លងមកបានខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុគស្មាញនៅក្នុងភូមិសាស្រ្តសង្កាត់ ហើយបានយកចិត្តទុកដាក់ចំពោះការងារបម្រើសេវាសាធារណៈជូនប្រជាជន និងបំពេញការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានបានល្អ ប្រកបដោយសុខសុវត្ថិភាព រួមទាំងការងារគ្រប់គ្រងអនាម័យ បរិស្ថានផងដែរ។
មុននឹងបញ្ចប់សម្តេចបានក្រើនរំលឹកឱ្យបងប្អូនយកចិត្តទុកដាក់បន្តអនុវត្តការងារតាមតួនាទីភារកិច្ច ក៏ដូចជាការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អ យកចិត្តទុកដាក់បន្ថែមលើការងាររក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។សូមរួមសាមគ្គីប្រមូលផ្តុំកម្លាំង វិធានការ និងមធ្យោបាយសរុបដើម្បីអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ។
សម្តេចវិបុលសេនាភក្តីក៏បានរំលឹកផងដែរពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ដែលកាន់តែខិតជិតណាស់មកហើយ។ ហេតុនេះទាំងអស់គ្នាត្រូវតែក្តាប់ឱ្យជាប់រាល់ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតដែលថ្នាក់លើបានដាក់ចុះ និងក្តាប់ឱ្យជាប់ហើយតាមដានអនុវត្តឱ្យបានល្អប្រសើរតាមប្រតិទិននៃការបោះឆ្នោតដែល គ.ជ.ប បានដាក់ចុះ។ ចំពោះរាល់បញ្ហាប្រឈមនឹងការលំបាក ខ្វះខាតដែលមូលដ្ឋានបានជួបប្រទះត្រូវរួសរាន់ដោះស្រាយឱ្យបានឆាប់រហ័សនិងមានតម្លាភាព។ បញ្ហាណាដែលហួសសមត្ថកិច្ចសង្កាត់ដោះស្រាយ សូមប្រញាប់រាយការណ៍សុំយោបល់ដឹកនាំដោះស្រាយពីថ្នាក់លើ។
ចំពោះស្ថានភាពជម្ងឺរាតត្បាតកូវីដ-១៩ «ការដកចេញនូវវិធានការពាក់ម៉ាសនៅតាមទីសាធារណៈ» ដូចប្រសាសន៍សម្តេចតេជោបានប្រកាសថ្មីៗនេះ គឺអាស្រ័យដោយរាជរដ្ឋាភិបាលបានសង្កេតឃើញថា អត្រានៃការឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ននេះកាន់តែចុះទាបទៅ។ តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅតែលើកទឹកចិត្តឱ្យមានការពាក់ម៉ាស់ នៅកន្លែងដែលមានការសង្ស័យ ឬកន្លែងដែលមានមនុស្សច្រើន ។
មុនបញ្ចប់ សម្តេចប្រធានក្រុមការងារ បានផ្តាំផ្ញើសួរសុខទុក្ខចំពោះ មន្ត្រី និងប្រជាពលរដ្ឋយើងនៅមូលដ្ឋានសង្កាត់អូរឫស្សីទី២ និងបានផ្តាំផ្ញើពីកត្តាសំខាន់បំផុតដែលមិនអាចខ្វះបាន និងដែលនឹងនាំមកនូវជ័យជម្នះក្នុងគ្រប់ភារកិច្ចការងារ នោះគឺកត្តាសាមគ្គីភាព ឯកភាព គឺត្រូវតែរឹងមាំជានិច្ច៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print