នៅក្នុងសារលិខិតផ្ញើទៅកាន់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី ៥ខែឧសភា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានចាត់ទុកការអនុម័តកញ្ចប់ទណ្ឌកម្មលើកទី៦ទៅលើប្រទេសរុស្ស៊ីគឺជាការបរាជ័យប្រវត្តិសាស្ត្រ។
លោក Viktor Orban បញ្ជាក់ថា កញ្ចប់ទណ្ឌកម្មថ្មី នឹងបង្កឱ្យមានសង្រែកយ៉ាងធ្ងន់ទៅលើប្រទេសងាយរងគ្រោះនៅក្នុងតំបន់អឺរ៉ុប ។ ទាំងប្រទេសហុងគ្រី និងអឺរ៉ុបគឺមិនអាចទទួលយកសំណើរបស់គណៈកម្មការអឺរ៉ុបនៅក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីនោះឡើយ ។
នាយករដ្ឋមន្រ្តីហុងគ្រី លោក វ៉ិកទ័រ អ៊័របាន (Viktor Orban) បាននិយាយនៅថ្ងៃសុក្រនេះថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) លើវិស័យថាមពលរបស់រុស្ស៉ី គឺជាបន្ទាត់ក្រហមមួយសម្រាប់ប្រទេសរបស់លោក។
ថ្លែងប្រាប់វិទ្យុ Kossuth របស់ហុងគ្រី លោកនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ខ្ញុំទទួលយកចំពោះកញ្ចប់ទណ្ឌកម្មទាំងប្រាំរបស់សហភាពអឺរ៉ុប ប៉ុន្តែខ្ញុំធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ពីដំបូងថា ការដាក់ទណ្ឌកម្មលើវិស័យថាមពលនេះគឺជាបន្ទាត់ក្រហមមួយ ដោយសង្កត់ធ្ងន់ថា ទីក្រុងប៊ុយដាប៉ែស (Budapest) នឹងមិនគាំទ្រការហាមប្រាមលើវិស័យថាមពលរបស់
រុស្ស៉ីនោះទេ»។ លោកបន្ថែមថា «ទណ្ឌកម្មនេះ គឺប្រៀបបាននឹងការដាក់គ្រាប់បែកបរមាណូលើសេដ្ឋកិច្ចរបស់ហុងគ្រី ហើយប្រទេសនីមួយៗមានសិទ្ធិ និងអធិបតេយ្យភាពក្នុងការកំណត់តុល្យភាពថាមពលរបស់ខ្លួន»។ លោក Orban ក៏បានបញ្ជាក់ដែរថា ទណ្ឌកម្មដែលដាក់ចេញដោយសហភាពអឺរ៉ុបគឺប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុប
ជាងរុស្ស៉ី។
គណៈកម្មការអឺរ៉ុបបានស្នើដល់បណ្តាប្រទេសសហភាពអឺរ៉ុប បញ្ឈប់ការនាំចូលប្រេងពីរុស្ស៉ី ក្នុងរយៈពេល៦ខែ និងផលិតផលប្រេងនៅឆ្នាំ២០២៣ ក្នុងកញ្ចប់ទណ្ឌកម្មទី៦របស់ខ្លួន ខណៈដែលហុងគ្រី, ស្លូវ៉ាគី ក៏ដូចជាអូទ្រីសជំទាស់ លើបម្រាមនៃការនាំចូលប្រេងនេះ៕ ដោយធីរីណា
រូបថត : CT24.cz.