សង្ស័យ​រឿងគំនុំ​ ទាញ​កាំបិតផ្គាក់កាប់​ផ្ដាច់​ជីវិត​បុរស​ម្នាក់​ ​ស្លាប់​ក្នុង​ថ្លុកឈាម​

ចែករំលែក៖

ខេត្ត​ព្រះ​វិហារ៖​ យុវជន​​ម្នាក់​ ជា​អ្នកទិញ​អេតចាយ​ បានរងរបួសយ៉ាង​សុះសាច់ដោយសារតែកាំបិតផ្គាក់រហូតដេកស្លាប់ក្នុងថ្លុកឈាម​ កាលពី​វេលា​ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី​៨ ខែ​ឩ​សភា ឆ្នាំ​២០២២ម្សិលមិញនេះ​ ស្ថិតនៅ​ភូមិ មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​ ខណៈបុរសម្នាក់ដៃឆ្អៅម្នាក់​ ​ទាញ​កាំបិតផ្គាក់ស្ទុះ​ទាំង​កំរោលដេញ​កាប់​ទៅលើ​ជនរងគ្រោះ យ៉ាង​សាហាវព្រៃផ្សៃ​ ហេីយ​ត្រូវ​បានគេ​សង្ស័យថា៖ មូលហេតុ​ព្រោះ​តែភ្លើង​ប្រច័ណ្ឌ ឬក៏​អាចជារឿង​គំនុំ។​ នេះបេី​យោង​តាម​របាយការណ៍​រប​ស់ អធិការដ្ឋាន​នគរបាល ស្រុក​ត្បែងមានជ័យ​ ទេីប​ទទួល​បាន​នៅព្រឹកថ្ងៃចន្ទ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០២២។

​របាយការណ៍ដដែល​ បានបន្តថា​ ជនដៃដល់ឈ្មោះ មុំ ថា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ជា​កសិករ បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែង មានជ័យ ខេត្តព្រះវិហារ។ ចំណែកសពជនរងគ្រោះឈ្មោះ ទុយ តឺ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ជា​អ្នកទិញ​អេតចាយ បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ស្ទោង ឃុំ​បន្ទាយ ខេត្តកំពង់ធំ​។

យោងតាម​ដំណើរ​រឿង​ បានឱ្យដឹងថា​ នៅមុន​កើតហេតុ គេ​ឃើញជនរងគ្រោះ បាន​ជិះ​ម៉ូតូតាម​បណ្តោយ​ផ្លូវជាតិលេខ​៦២ គោលបំណង​ដើរ​ទិញ​អេតចាយ លុះ​មកដល់​ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ​១៣៦-១៣៧ ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ ពេលនោះត្រូវបាន​ជនដៃដល់ឈ្មោះ មុំ ថា បាន​ទាញយក​កាំបិតផ្គាក់ ដេញ​កាប់​ទៅលើ​ជនរងគ្រោះ ត្រូវជា​ច្រើន​កាំបិត​ ហើយ​ជនរងគ្រោះបានព្យាយាមរត់ឱ្យគេឯង​ជួយ។ លុះរ​ត់ទៅដល់​ដី​ឡូ​ត៌ មុខផ្ទះ​ស្ត្រី​ឈ្មោះ ស៊ន សោ​ន ក៏​ត្រូវ​ជនដៃដល់ ដេញតាមទាន់រួចកាប់ ទៅលើ​ជនរងគ្រោះ រហូតដល់​ដេក​ដួល​ស្លាប់នៅក្នុង​ថ្លុកឈាមតែម្តង។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ របស់​អធិការដ្ឋាន​នគរបាល ស្រុក​ត្បែងមានជ័យ សហការ​ជាមួយ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ឈានមុខ បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើ​កោសល្យវិច័យ ទៅលើ​សាកសព ជនរងគ្រោះ ដោយ​កម្លាំង​សមត្ថ​ជំនាញ បាន​សន្និដ្ឋានថា៖ សាកសព​ជនរងគ្រោះពិតជា​បាន​ស្លាប់ ក្រោម​ផ្លែកាំបិត​របស់​ជនដៃដល់ពិតប្រាកដ​មែន រួចក៏​បានប្រគល់​សាកសពឱ្យ​ទៅ​ក្រុមគ្រួសាសាច់ញាតិ​ ដេីម្បី​យកទៅធ្វេីបុណ្យតាមប្រពៃណី​។

​ដោយឡែកជនដៃដល់ ក្រោយ​កើតហេតុបាន​រត់គេចខ្លួនបាត់ស្រមោល​។ បច្ចុប្បន្នកម្លាំង​សមត្ថកិច្ច​ជំនាញ ក្នុង​ខេត្តព្រះវិហារ កំពុងស្វែងរក​ចាប់ខ្លួន​ឃាតកខាងលើនេះ ដើម្បី​យកមក ផ្តន្ទាទោសតាមច្បាប់​៕

...

ដោយ៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print