ខេត្តស្វាយរៀង៖ មានអគ្គិភ័យឆាបឆេះរោងគោនិងរោងចំបើងធ្វើឱ្យផ្អើលដលអ្នកភូមិនាំគ្នាជួយដងទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ប៉ុន្តែភ្លើងបានឆេះពេញក្រមុំហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ស្ថិតក្នុងភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់រោងគោមានឈ្មោះតូច ឆាន់ អាយុ៦៦ឆ្នាំ មានប្រពន្ធឈ្មោះកុយ ស៊ា អាយុ៦៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
ប្រភពបន្តថា រោងគោដែលត្រូវភ្លើងឆេះមានទំហំ៤ម៉ែត្រគុណនឹង៧ម៉ែត្រត្រូវភ្លើងឆេះអស់ទាំងស្រុង។
ចំណែករោងដាក់ចំបើងមានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រត្រូវភ្លើងឆេះអស់ទាំងស្រុង ក្នុងនោះមានកង់ចំនួន៣គ្រឿង, ម៉ាស៊ីនបូមទឹកមួយគ្រឿង, ចំបើង១០០ដុំ, គ្រែសម្រាក៣, ម៉ូទ័រម៉ាស៊ីនបូមទឹក១គ្រឿងនិងរបស់របរមួយចំនួនទៀត។
តាមម្ចាស់ឈ្មោះតូច ឆាន់ បានឱ្យដឹងថា មុនកើតហេតុគាត់និងក្រុមគ្រួសារកំពុងដេកក្នុងផ្ទះលង់លក់ស្កប់ស្កល់ស្រាប់តែមានផ្សែងហុយចេញពីរោងដាក់ចំបើងនិងមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលនាំគ្នាចេញទៅមើលនិងស្រែកហៅអ្នកភូមិឱ្យជួយដងទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ប៉ុន្តែភ្លើងឆេះពេញក្រមុំហួសពេលទៅហើយ។
សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើនេះមិនទាន់ដឹងពីមូលហេតុអ្វីដែលបណ្ដាលឱ្យឆេះរោងគោនិងរោងដាក់ចំបើងនេះទេ ប៉ុន្តែក្នុងហេតុការណ៍នេហមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ៕
ដោយ៖ យឹម សុថាន