រដ្ឋសភាអាមេរិកនៅថ្ងៃទី១០ ខែឧសភា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានអនុម័តច្បាប់ផ្តល់ជំនួយមានទឹកប្រាក់ជិត៤០ពាន់លានដុល្លារជួយដល់អ៊ុយក្រែនក្នុងពេលដែលកំពុងផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។
សេចក្តីព្រាងច្បាប់នេះទទួលបានការគាំទ្ររហូតដល់ទៅ ៣៦៨សំឡេង និងប្រឆាំងតែ ៥៧សំឡេងប៉ុណ្ណោះ។សំឡេងឆ្នោតប្រឆាំងគឺជាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋទាំងអស់។
កន្លងមកប្រធានាធិបតីបៃឌិន បានស្នើកញ្ចប់ជំនួយដល់ប្រទេសអ៊ុយក្រែន ក្នុងនោះមាន២០,៤ពាន់លានដុល្លារជាជំនួយយោធា, ៨,៥ពាន់លានដុល្លារជាជំនួយសេដ្ឋកិច្ច និង៣ពាន់លានដុល្លារជាជំនួយមនុស្សធម៌។ ជាមួយគ្នានេះដែរ រដ្ឋសភាអាមេរិកបានផ្តល់ជំនួយបន្ថែម៣,៤ ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិអ៊ុយក្រែន និង៣,៤ពាន់លានដុល្លារសម្រាប់មនុស្សធម៌ផងដែរ។
សេចក្តីព្រាងច្បាប់នេះនឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាអាមេរិកដើម្បីបន្តអនុម័ត រួចរួមបញ្ជូនទៅកាន់ប្រធានាធិបតីចុះហត្ថលេខា។
ពាក់ព័ន្ធសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី Avril Haines បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងមិនបញ្ចប់សង្រ្គាមអ៊ុយក្រែននៅត្រឹមតំបន់ដុនបាស់នោះទេ ដោយអាចនឹងសាងផ្លូវមួយភ្ជាប់ទៅកាន់តំបន់ត្រេនស្នុីស្រ្ទីយ៉ា (Transnistria) គ្រប់គ្រងដោយ
រុស្ស៉ី នៅក្នុងប្រទេសម៉ុលដាវី។
បើតាមលោកស្រី Avril Haines, ទីភ្នាក់ងារស៊ើបការណ៍អាមេរិកក៏កំពុងតាមដានផងដែរពីលទ្ធភាពអាចទៅរួចថា លោកពូទីន អាចនឹងកេណ្ឌកងទ័ពបន្ថែមនៅទូទាំងប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងការដាក់ចេញច្បាប់អាជ្ញាសឹក និងការវាយកាត់ផ្ដាច់ការផ្ដល់ជំនួយរបស់លោកខាងលិចដល់អ៊ុយក្រែនផងដែរ៕ ដោយធីរីណា
រូបថត : Reuters