សហរដ្ឋអាមេរិក : នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ថាមមី ដាកវើក (Tammy Duckworth)សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។
នៅក្នុងជំនួបនេះ លោកស្រី សមាជិកព្រឹទ្ធសភាអាមេរិក បានឆ្លៀតចូលរួមរំលែកនូវមរណទុក្ខជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាក្រុមគ្រួសារ និងសាច់ញាតិ ចំពោះការទទួលមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានភាពលំបាករបស់កម្ពុជាពីអតីតកាល និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នក្រោយបិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាមនាឆ្នាំ១៩៩៨។ សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយសម្តេច គឺជាពេលដែលមានភាពល្អប្រសើរបំផុត បើធៀបនឹងអតីតកាល។ ជាពិសេសមុនទសវត្សរ៍ឆ្នាំ៧០ មានភាពរកាំរកូស រហូតដល់ការដុតស្ថានទូត កាត់ផ្តាច់ទំនាក់ទំនងការទូតមួយរយៈពេលខ្លី ហើយក៏ឈានដល់ការកាត់ផ្តាច់ទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សម្តេចតេជោបានរំលឹកពីការស្វែងស្វែង និងជួយជ្រោមជ្រែងរបស់សម្តេច ដើម្បីឱ្យស្ថានទូតអាមេរិកមានទីតាំងស្ថានទូតមួយច្បាស់លាស់នៅក្បែវត្តភ្នំ ភ្នំពេញ។ ចំណុចនេះ ជាការបង្ហាញឱ្យឃើញនូវកិច្ចប្រឹងប្រែងមួយរបស់សម្តេចក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចផងដែរ ពីភាពល្អប្រសើរនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក។ ក្នុងនៅឆ្នាំ២០២១ បើទោះបីពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ តែទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនប្រមាណ ៣០ភាគរយ ហើយត្រីមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនរហូតដល់ប្រមាណ ៤០ភាគរយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីស្ថានបរិយាកាសវិនិយោគ ដែលកាន់តែមានភាពល្អប្រសើរនៅកម្ពុជា។ ភាពល្អប្រសើរនៃបរិយាកាសវិនិយោគនេះ បានធ្វើឱ្យក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងវិនិយោគនៅកម្ពុជា។ ពាក់ព័ន្ធការវិនិយោគនេះ សម្តេចតេជោ បានស្នើដល់លោកជំទាវសមាជិកព្រឹទ្ធសភាអាមេរិក ជួយជំរុញបន្ថែមនូវការវិនិយោគរបស់អាមេរិកទៅកាន់កម្ពុជា។ ជាមួយគ្នានេះ កម្ពុជា ក៏បានសហការយ៉ាងល្អជាមួយសហរដ្ឋអាមេរិក ក្នុងរុករកអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបានស្លាប់ក្នុងសម័យសង្គ្រាម ដែលមកដល់ពេលនេះនៅសល់សពប្រមាណ ៤៩ករណីទៀតប៉ុណ្ណោះ។
ក្រៅតែពីលើនូវការវិវឌ្ឍន៍ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ពីការបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ។ ការលើកឡើងនូវបញ្ហាខាងលើនេះ សម្តេចតេជោចង់លើកបង្ហាញនូវភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចផ្ទាល់។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរនូវបញ្ហាមួយចំនួន ដែលនាំឱ្យរំខានដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ បញ្ហាដែលសម្តេចចាត់ទុកថា ជាការខ្វែងគំនិតគ្នារវាងកម្ពុជា និងអាមេរិកនោះ មានដូចជាកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសពេលបានប្រព្រឹត្តទោស, ការដាក់លក្ខខណ្ឌសម្រាប់ទិដ្ឋាការរបស់មន្ត្រីការទូតជាដើម។ សម្តេចតេជោ បានស្នើអោយលោកជំទាវសមាជិកព្រឹទ្ធសភាអាមេរិក ពិចារណាសម្របសម្រួលលើបញ្ហានេះ។
នៅក្នុងឱកាសនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លៀតបញ្ជាក់ពីបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋានទ័ពរាមផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា កំពង់ផែរាម គឺជាអភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា មិនមែនបម្រើឱ្យទ័ពបរទេសណាមួយនោះឡើយ។ សម្តេចតេជោ បានលើកឡើងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់មិនឱ្យមានទ័ពបរទេសលើទឹកដីខ្លួន ហើយកងទ័ពកម្ពុជា ក៏មិនចេញប្រតិបត្តិការនៅប្រទេសដទៃនោះដែរ លើកលែងតែប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។
សម្តេចតេជោបានបញ្ជាក់ថាប្រទេសយើងមិននៅក្រោមប្រទេសណាមួយទេ ប្រទេសយើងឯករាជ្យ មានអធិបតេយ្យភាព។ ដូច្នេះយើងមិនត្រូវការកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ មិនថាកងទ័ពចិន ឬកងទ័ពប្រទេសណាក៏ដោយ។ សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្នកំពង់ផែខេត្តព្រះសីហនុ បានស្វាគមន៍នាវាចិន អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលចូលចតនៅផែរបស់កម្ពុជា ដោយមិនមានការរើសអើងនោះឡើយ។
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា នឹងរៀបចំយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃ២១ ខែឧសភា ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ដោយមានគណបក្សចំនួន ១៧ចូលរួមប្រកួតប្រជែង។ សម្តេចតេជោ បានអះអាងថា នេះជាដំណើរការដ៏ល្អប្រសើរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាការឆ្លើយតប លោកស្រី សមាជិកព្រឹទ្ធសភាអាមេរិក បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានបើកបង្ហាញនូវសមានចិត្តក្នុងការធ្វើទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក។ លោកជំទាវ ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានចូលរួមបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។
លោកស្រី ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន បានប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកស្រី ក៏បានកត់សម្គាល់ដែរថា បច្ចុប្បន្នមានក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងវិនិយោគ និងដំណើរការអាជីវកម្មនៅកម្ពុជា។ លោកជំទាវ បានមើលឃើញថា កម្ពុជា និងអាមេរិក មានឱកាសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគកាន់តែប្រសើរថែមទៀត។ លោកស្រី ក៏បានសន្យាជួយជំរុញអ្នកវិនិយោគរបស់អាមេរិក មកកាន់កម្ពុជាថែមទៀតផងដែរ ។
នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកស្រីសមាជិកព្រឹទ្ធសភាអាមេរិក មកទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចទន្ទឹងរង់ចាំស្វាគមន៍វត្តមានរបស់លោកជំទាវនាពេលខាងមុខ៕