ថ្នាក់​ដឹកនាំ​ក្រសួង​សាធារណការ​ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈ ប្រតិភូធុរកិច្ចប្រទេសអូទ្រីស

ចែករំលែក៖

ភ្នំពេញ​៖​ លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចប្រទេសអូទ្រីស ដឹកនាំ ដោយលោក Gunther Sucher ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតអូទ្រីសប្រចាំទីក្រុងបាងកក ប្រទេសថៃ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ដោយមានការអមដំណើរពីលោក Christian Tino TERRANEO នាយក ប្រតិបត្តិក្រុមហ៊ុនសាជីវកម្ម ATC Austrian Corporation GmBH ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធផងដែរ​ នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២​ នៅទីស្ដីការក្រសួង។

ថ្លែងក្នុងជំនួបនោះ លោករដ្ឋមន្ត្រីស្តីទី បានជម្រាបជូនអំពីរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួងសាធារណ ការ និងដឹកជញ្ជូន និងវឌ្ឍនភាពនៃការអនុវត្តគម្រោងមួយចំនួនទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលរួមមាន៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ពីពីរគន្លងទៅបួនគន្លង គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែកញ្ញា ឆ្នាំ២០២២ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ពីពីរគន្លងទៅបួនគន្លង ការលើកកម្រិតគុណភាពផ្លូវជាច្រើនទៀតពីការចាក់កៅស៊ូពីរស្រទាប់ស្តើងទៅជាផ្លូវបេតុងកៅស៊ូ (AC)ឱ្យសមស្របតាមបរិបទនៃការដឹកជញ្ជូន និងការរីកចម្រើនសេដ្ឋកិច្ច ការធ្វើប្រសើរឡើងការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ការប្ដូរ និងពន្យារបណ្ណបើកបរនៅតាមផ្សារទំនើប ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយបណ្ដាប្រទេសជិតខាង។ 

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីស្តីទី ក៏បានជម្រាបជូនផងដែរអំពីការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមបណ្ដារាជធានី-ខេត្តសំខាន់ៗ ជាពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ក្រោមជំនួយបច្ចេស ទេសរបស់ដៃគូអភិវឌ្ឍន៍ គម្រោងធ្វើទំនើបកម្មផ្លូវដែកកម្ពុជា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ យានយន្តប្រើប្រាស់ថាមពលអគ្គិសនី គម្រោងសិក្សាប្រព័ន្ធដឹកជញ្ជូនរថភ្លើង Monorail ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគម្រោងការដឹកជញ្ជូនតាមផ្លូវទឹក។  

ទន្ទឹមនោះដែរ គណៈប្រតិភូបានថ្លែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវវិធានការប្រាកដនិយមប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ និងដែលបានចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋ បានប្រមាណជាង៩០%។

គណៈប្រតិភូក៏បានណែនាំឱ្យស្គាល់ផងដែរនូវក្រុមហ៊ុនសាជីវកម្ម ATC Austrian Corporation GmBH ដែលតំណាងឱ្យក្រុមហ៊ុនធំៗចំនួនបី ដែលក្រុមហ៊ុនទី១ផ្តោតជំនាញលើផ្នែកបច្ចេកវិទ្យា ក្រុមហ៊ុនទី២ផ្តោតលើដំណោះស្រាយផ្នែកបច្ចេកវិទ្យាសម្រាប់ការដឹកជញ្ជូន (Transport Solution)  និងក្រុមហ៊ុនទី៣ ផ្តោតជំនាញលើការសាងសង់ផ្លូវល្បឿនលឿន និងផ្លូវដែក៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print