ភ្នំពេញ៖ មន្ត្រីតុលាការ ថ្លែងថា មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និង អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) មួយរូប ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទប្រកាន់ជាផ្លូវការ នៅព្រឹកថ្ងៃទី២ ខែមេសា នេះ ។
មន្ត្រីដដែល បញ្ជាក់ថា លោក នី សុខា លោក យី សុខសាន្ត លោក ណៃ រ៉ង់ដា និង លោកស្រី លឹម មុន្នី ជាមន្ត្រីសមាគមអាដហុក ត្រូវបានតុលាការចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ។
ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ផង ដែរ ។
បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទ ត្រូវបានទៅលោក ជា សុខចាន់ដេត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ។ បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ៕
ដោយ៖ ឆាយនាថ