ខេត្តកំពង់ស្ពឺ៖ រថយន្តធុនធំចំនួន២គ្រឿង បានបេីកកៀរគ្នា បណ្ដាលឱ្យបុរសម្នាក់ស្លាប់ ភ្លាមៗនៅនិងកន្លែង។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៤ ខែឧសភា ឆ្នាំ២០២២។
យោងតាមរបាយការណ៍ដដែល បានបន្តថា បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈរថយន្ត២គ្រឿងបានកៀរគ្នា នៅវេលាម៉ោង០២ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៩១-៩២ ត្រង់ចំណុចភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1735 សឺមីរ៉ឺម៉ក់ ពាក់ស្លាកលេខ 4A-0041 បើកបរទិសដៅពីកើតទៅលិច អ្នកបើកបរឈ្មោះ ភឿង វណ្ណា ភេទប្រុស អាយុ ៣៨ ឆ្នាំនៅភូមិតាំងឬស្សី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មកដល់ចំណុចខាងលើបានរេចង្កូតមកខាងឆ្វេងដៃក៏បានកៀររថយន្តដឹកនំមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-2267 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចបាត់) ។
ក្នុងហេតុការណ៍នេះបណ្តាលអោយអ្នកបើកបររថយន្តកុងទីន័រគាបស្លាប់នៅកន្លែងកើតហេតុ រថយន្តកុងទីន័ររងការខូចខាតធ្ងន់ និងរថយន្តដឹកនំរងការខូចខាតស្រាល ។ រីឯសព សមត្ថកិច្ចកំពុងស្រាវជ្រាវរកបងប្អូន។
ចំណែកវត្ថុតាងទាំងពីរផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖សហការី