ក្រសួង​បរិស្ថាន​ ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ជាការរួមចំណែកផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ បានបើកជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE បានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាព លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ សម្រាប់ការប្រណាំងជាផ្លូវការរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត។

លោក ហូ សិទ្ធីគុណ ស្ថាបនិក KARA កម្ពុជា បានបញ្ជាក់អំពីកម្មវិធីប្រណាំងយានយន្តនេះថា ថ្ងៃទី១ ក្រុមកីឡាករចេញដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត មានរយៈចម្ងាយផ្លូវ ១៧៣គីឡូម៉ែត្រ ហើយផ្លូវប្រណាំងមានចម្ងាយផ្លូវ៦៩គីឡូម៉ែត្រ។ ថ្ងៃទី២ ចេញដំណើរពីក្រុងកំពត មកបញ្ចប់នៅសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ មានរយៈចម្ងាយផ្លូវ១៤០គីឡូម៉ែត្រ ចម្ងាយផ្លូវប្រណាំងមាន៤៣.៩គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុកចំនួន៣រួមមាន ស្រុក ជុំគិរី ស្រុកទឹកឈូ និងស្រុកដងទង់ ដោយរថយន្ត និងម៉ូតូទាំងអស់ត្រូវប្រណាំងលើផ្លូវឧបសគ្គមានផ្លូវភ្នំ ភក់ ខ្សាច់ ក្នុងចម្ការ និងកាត់ភូមិអ្នកស្រុក ។ ស្ថាបនិក KARA កម្ពុជារូបនេះ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រណាំងយានយន្តនេះ រៀបចំឡើង ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាយានយន្ត នៅកម្ពុជា ហើយក័ជាការផ្តល់ឱកាសឱ្យកីឡាករជំនាញប្រកួតកម្តៅសាច់ដុំ និងអ្នកថ្មីចេះមើលសៀវភៅបង្ហាញផ្លូវ និង Rally Meters ជាពិសេសឱ្យយុវជនបានរៀនសូត្រពីការរៀបចំកម្មវិធីប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គកម្រិតជាតិ និងឈានទៅរៀបចំកម្រិតអន្តរជាតិផងដែរ។

ការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះតែងតែទទួលបានការគាំទ្រនិងឧបត្ថម្ភពីក្រសួងបរិស្ថានដើម្បីបង្កើន ការផ្សព្វផ្សាយនិងបណ្តុះស្មារតីស្រឡាញ់កីឡា និងផ្សារភ្ជាប់នឹងធនធានធម្មជាតិ ទេសចរណ៍និងទឹកដី។ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះ ជាសកម្មភាពកីឡាមួយ ដែលរួមចំណែកបណ្តុះស្មារតីដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជា ឱ្យចូលរួមស្រលាញ់ និងគាំទ្រកីឡាស្របតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋម្នាក់ត្រូវចេះកីឡាមួយមុខប្រចាំជីវិត ។ ទន្ទឹមជាមួយគ្នានេះដែរ ការប្រណាំងនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សេងៗ នៅតាមខេត្ត ក៏ដូចជានៅតាមតំបន់អភិរក្សធនធានធម្មជាតិដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ធម្មជាតិ ដែលជាទេសចរណ៍ផ្សារភ្ជាប់ទឹកដី ក្នុងគោលបំណងទាក់ទាញភ្ញៀវជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យទៅលេងកម្សាន្ត នៅតំបន់សក្តានុពលទាំងនោះ។

គួរបញ្ជាក់ថា មុនថ្ងៃបើកការប្រកួត ក្រុមការងារ Kara ក៏បានប្រជុំបច្ចេកទេស ពីលក្ខខន្តិក:ប្រកួតផ្សេងៗ ដូចជា សៀវភៅមើលផ្លូវ ( Road Book ) សម្ភារ មួក ស្បែកជើង ដើម្បីសុវត្តិភាពជូនដល់កីឡាករ កីឡាការិនីក្នុងការប្រណាំង រួមនឹងបិទស្លាកលេខសំគាល់ ស្ទិកឃើអ្នកឧបត្តម ។

ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE រៀបចំដោយភ្នាក់ងាររៀបចំការប្រកួតកម្ពុជា kara សហការដោយក្រសួងបរិស្ថាន សហពភាពសហព័ន្ធយុវជនកម្ពុជា គាំទ្រដោយសហព័ន្ធកីឡាយានយន្តកម្ពុជា និងឧបត្តម្ភដោយក្រុមហ៊ុនជាច្រើនទៀត។ មានប្រទេសចូលរួមចំនួន១១ប្រទេស មាន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ចិន អាល្លីម៉ង់ អាមេរិក វៀតណាម បារាំង អូស្រ្តាលី វែល និងកម្ពុជា ក្នុងនោះមាន ឡាន ៣៥ ចែកជា២ គឺ class A ៧គ្រឿង Class B ២៨គ្រឿង UTV មាន១០គ្រឿង និងម៉ូតូ១៤គ្រឿង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print