ភ្នំពេញ៖ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៧០គ្រួសារ នៅសហគមន៍វាលស្បូវ សង្កាត់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដើម្បីសម្រាលការលំបាកដល់ ជីវភាពរស់នៅ ប្រចាំថ្ងៃបានមួយរយៈពេល ។
សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនេះ ដឹកនាំដោយលោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ណុប ផា អភិបាលរងខណ្ឌ លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌ រួមនឹង ចៅសង្កាត់ និងយុវជនសង្កាត់ជាច្រើននាក់បានអញ្ជើញ ចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៧០គ្រួសារ នៅក្នុងសហគមន៍វាលស្បូវ ។
លោក ញ្ញាណ ចាន់សោភា នាយករងរដ្ឋបាលបានឲ្យដឹងថា អំណោយដែលកាកបាទក្រហម នាំយកមកចែកជូននាពេលនេះ រួមមាន : អង្ករ១ប៉ាវ មី១កេស , ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួរ , ទឹកត្រី ១យួរ , ទឹកសុទ ១កេស និងឃីត ១ឈុត ( មុង១ ភួយ១ សារុង១ ក្រមា១) ឃីត១កញ្ចប់ និងថវិកា ៣មឺនរៀលផងដែរ ហើយនេះជាអំណោយដ៍ថ្លៃថ្លៃថ្លារបស់សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ក្នុងនោះអនុសាខាកាកបាទក្រហមខណ្ឌបានឧបត្ថម្ភ កង់ចំនួន៣០គ្រឿងដល់ក្មួយៗ សម្រាប់ជិះទៅរៀន នៅសល់ក្មួយៗជាច្រើននាក់ទៀតនិងត្រូវរៀបចំទិញកង់ឲ្យដើម្បីជិះទៅរៀន ។
ដោយឡែកលោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារ អំពៅ និងជាប្រធាគណៈកម្មាធិការ អនុសាខាកាកវាទក្រហមខណ្ឌ បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ដូច្នេះថា អនុវត្តតាមគោលការ របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចជាកាល និងមានការណែនាំបន្ថែមពីប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញអនុសាខាកាកបាទក្រហមខណ្ឌបានយក ចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រអត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះថ្នាក់ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះជាអំណោយដ៍ថ្លៃថ្លារបស៉សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមខណ្ឌ មួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីរួមចំណែករបស់គណៈអភិបាលខណ្ឌដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ។ ថ្វីត្បិតតែអំណោយទាំងនេះមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេល យ៉ាងណាក៏ដោយអាជ្ញាធរ ខណ្ឌក៏ជាអនុសាខាកាកបាទក្រហមខណ្ឌ និងខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាល ការលំបាកដល់បង ប្អូនដែលមាន ជីវភាពខ្វះខាត ទីទ័លក្រ ។
លោកអភិបាលខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៊ីទទួលទានប្រចាំថ្ងៃទៅតាមអ្វីដែលអាចធ្វើបានតែសូមកុំរកស៊ីមុខរបរណាដែលខុសច្បាប់ និងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ ដើម្បីទ្រទ្រង់ជីវភាពឲ្យបានប្រសើរឡើង។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌក៍ចុះពិនិត្យអណ្តូងស្នប់ចំនួន២ដែលជាអំណោយរបស់សាខាកាកបាទក្រហមរាជធានីភ្នំពេញជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍វាលស្បូវ តែអ្វីដែលជាការចាប់អារម្មណ៍នោះទឹកដែលបូមចេញពីអណ្តូងខុសពីទឹកធម្មតា មានពណ៌សល្អក់ ទុកក្នុងធុងមួយយប់ប្រែជាពណ៌ក្រហមដែលធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ ប៉ុន្តែករណីនេះអ្នកជំនាញប្រាប់ថា “ទឹកអណ្តូង មានជាតិអាសូនិច ” អាចប្រើប្រាស់សម្រាប់បោកខោអាវ និងងូតបាន តែត្រូវកូរសាច់ជូរទុកឲ្យរងសិនចាំយកទៅប្រើ…។ បន្ទាប់ពីពិនិត្យឃើញថា ទឹកអណ្តូង មានជាតិ”អាសូនិច” លោកអភិបាលខណ្ឌបានផ្តាំផ្ញើកុំឲ្យបងប្អូនប្រជាពលរដ្ឋពិសារទឹកអណ្តូង និងសុំការយោគយល់ពីប្រជាពលរដ្ឋ “មានទឹកប្រើ..ប្រសើរជាងអត់ទឹកប្រើប្រាស់ ” ។
លើសពីនេះទៀតសូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងសហគមន៍ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពកូនចៅ ក្នុងការធ្វើដំណើរតាមដងផ្លូវដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕
ដោយ៖ សណ្តោស