ដឹងថាជនរងគ្រោះបានលុយពីភ្ជាប់ពាក្យកូនពីព្រឹក​ យប់ឡើងចោរនាំគ្នាមកប្លន់​បាន៣លានរៀល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមជនសង្ស័យជាក្រុមចោរប្លន់មួយក្រុមដែលមានគ្នា៣នាក់ ត្រូវសមត្ថកិច្ចចាប់បានចំនួន២នាក់ ក្រោយពីក្រុមជនសង្ស័យទាំងនេះ បាននាំគ្នាកាន់កាំបិត និងពូថៅចូលទៅផ្ទះជនរងគ្រោះដើម្បីគម្រាមយកលុយថ្លៃភ្ជាប់ពាក្យ ។

សកម្មភាពប្លន់បានសម្រេច កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ និង បានឃាត់ខ្លួនកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ម្នាក់ឈ្មោះក្រឹង ស្រៀង ភេទប្រុស អាយុ៣៥ឆ្នាំ និង ម្នាក់ទៀតឈ្មោះកឺ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះតូច ម៉ាលី ភេទស្រី អាយុ៤៥ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ក្រុមគ្រួសាររបស់គាត់បានធ្វើពិធីភ្ជាប់ពាក្យកូនស្រី ហើយក្នុងពេលនោះខាងកូនប្រុសបានប្រគល់លុយថ្លៃភ្ជាប់ពាក្យ (ទឹកដោះ)ចំនួន៣លានរៀល ។

ស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅនៅក្នុងយប់ថ្ងៃកើតហេតុ គឺថ្ងៃទី៣០ មេសា ពេលនោះមានភ្លៀងយ៉ាងខ្លាំង  ចំណែកឯប្តីរបស់គាត់បានចេញទៅឆ្លុះកង្កែប គាត់នៅផ្ទះតែម្នាក់ឯង ។ ក្រោយពីពេលដែលប្តីគាត់ចេញទៅបាត់ ក្នុងពេលកំពុងភ្លៀងនោះ ស្រាប់តែមានជនសង្ស័យ៣នាក់រុំមុខសម្រុកចូលទៅក្នុងផ្ទះរបស់គាត់ ដោយមានកាន់កាំបិតនិងពូថៅ ហើយបានគម្រាមសួររកលុយ តែគាត់បានប្រាប់ថា ពុំមានលុយទេ ។ ពេលនោះមានម្នាក់ក្នុងចំណោមបក្ខពួកគេ៣នាក់ បានស្រែកថា ចុះលុយភ្ជាប់ពាក្យពីព្រឹក៣លាន ទុកនៅឯណា យកមកឲ្យពួកគេភ្លាម ដោយសារមានការភ័យខ្លាច គាត់ក៏ទៅយកលុយ ភ្ជាប់ពាក្យរបស់កូនចំនួនន៣លានរៀលនោះឲ្យពួកគេ ក្រោយពីបានលុយហើយពួកគេក៏ចាកចេញបាត់ទៅ ។

ស្រ្តីរងគ្រោះបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុប្តីរបស់គាត់ត្រឡប់មកផ្ទះវិញគាត់ក៏បានប្រាប់ប្តី ហើយប្តីរបស់គាត់ក៍ទៅប្តឹងសមត្ថកិច្ចភ្លាមៗ ខណៈដែលគាត់បានស្គាល់ភិនភាគនិងសម្លេងជនសង្ស័យ ដែលបានគម្រាមសួររកលុយ ។

លុះព្រឹកឡើងថ្ងៃទី១ ខែឧសភា សមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់បានជនសង្ស័យទាំង២នាក់តែម្តង កំពុងឃាត់ខ្លួនសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

13113222_1007733235984750_192072192_o

ដោយ៖ ចន្ថា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print