ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបន្តនាំយកអាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅទិសយោធភូមិភាគទី៣ សម្រាប់ប្រើប្រាស់ក្នុងរដូវភ្លៀង។
ពិធីប្រគល់អាវភ្លៀងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ នៅទីបញ្ជាការយោធភូមិភាគទី៣ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន និងនាយទាហាន នាយនគរបាល នាយអាវុធហត្ថ ឈរជើងនៅទិសយោធភូមិភាគទី៣ ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យសង្គមជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។
ក្នុងន័យនេះ នាយឧត្ដមសេនីយ វង្ស ពិសេន បានធ្វើការរម្លឹកពីអតីតកាលដែលកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ និងពលិកម្មធំធេងរបស់យុទ្ធជន នៅក្នុងបុព្វហេតុជាតិមាតុភូមិ ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នាយឧត្ដមសេនីយ វង្ស ពិសេន បានធ្វើការពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់នៃពាក្យ«សន្តិភាព» ដែលរកបានដោយលំបាកបំផុត តាមរយៈនយោបាយ ឈ្នះ ឈ្នះ ដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន និងបានអំពាវនាវឲ្យកងកម្លាំងបន្តចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានលើកបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ពិសេសការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដើម្បីបង្កើតភាពសាំ ធ្វើឲ្យការឆ្លងមានសភាពធូរស្រាល និងកំពុងបើកសេដ្ឋកិច្ចជំរុញការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស។
ពាក់ព័ន្ធដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃខាងមុខ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធ សិក្សាស្វែងយល់ពីក្រមសីលធម៌នៃច្បាប់បោះឆ្នោត និងចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានការគំរាមកំហែង និងអំពើហិង្សា ៕
ដោយ ស សម