បើទោះបីជាក្រសួងធម្មការ និងកិច្ចការសាសនា ក៏ដូចជាគណៈសង្ឃ បានសម្រេចដកតួនាទីព្រះមេគណខេត្តកំពង់ស្ពឺ ពីព្រះតេជគុណ ឌូ វណ្ណឌឿន យ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ថា មានការផ្លាស់ប្តូរតំណែងមួយនេះនៅឡើយ ។ មិនតែប៉ុណ្ណោះអ្វីៗស្ថិតនៅលើការគ្រប់គ្រងរបស់ព្រះតេជគុណ ឌូ វណ្ណឌឿន ដដែល ។ មានន័យថា ព្រះតេជគុណឌូ វណ្ណឌឿន នៅតែជាព្រះមេគណខេត្តកំពង់ស្ពឺដដែល ។
មិនដឹងថា វាជាចេតនារបស់ក្រសួងធម្មការ និងគណៈសង្ឃឬយ៉ាងណានោះទេក្នុងការមិនផ្លាស់ប្តូរតួនាទីព្រះមេគណខេត្តកំពង់ស្ពឺនោះ ។ ប៉ុន្តែក្រោយការលេចធ្លាយវីដេអូ ព្រះតេជគុណ ឌូ វណ្ណឌឿន ព្រះមេគណខេត្តកំពង់ស្ពឺ ច្រៀងឆ្លើយឆ្លងអូនបង អំឡុងថ្ងៃចុងក្រោយនៃថ្ងៃពិធីបុណ្យចូលឆ្នាំ ធ្វើឲ្យរំជើបរំជួលពេញប្រទេសនោះ គណៈសង្ឃ និងក្រសួងធម្មការបានកោះប្រជុំទាំងយប់ ហើយបានសម្រេចដកតួនាទីព្រះមេគណខេត្តកំពង់ស្ពឹពីព្រះតេជគុណ ឌូ វណ្ណឌឿន ដោយចាត់ទុកថា វាជាកំហុស«តិចតួច» ។ បន្ទាប់មក ព្រះតេជគុណ ឌូ វណ្ណឌឿន ក៏បានបន្ទរតាមជារឿយៗ ដោយអះអាងថា ជាកំហុស«តិចតួច» និង«អចេតនា» ។
បើតាមប្រភពព័ត៌មានរាយការណ៍ថា បើទោះបីជាមានការសម្រេចពីគណៈសង្ឃ និងក្រសួងធម្មការក៏ដោយ ក៏មិនទាន់មានការជ្រើសរើសព្រះមេគណខេត្តថ្មីសម្រាប់ជំនួស និងក៏មិនទាន់មានការផ្លាស់ប្តូរនោះដែរ រីឯព្រះតេជគុណ ឌូ វណ្ណឌឿន នៅតែបន្តគ្រប់គ្រងការងារជាព្រះមេគណខេត្តដដែល ។ ប្រការនេះធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនមានចង្ងល់ និងមន្ទិលថា តើព្រះតេជគុណ ឌូ វណ្ណឌឿន នៅតែបន្តកាន់កាប់តំណែងព្រះមេគណខេត្តកំពង់ស្ពឺដដែល ឬយ៉ាងណា? ៕