កំពង់ឆ្នាំង ៖ មន្រ្តីអង្គការចំនួន២នាក់ ដែលគេស្គាល់ជាអ្នកធ្វើការអោយអង្គការមួយដែលមានឈ្មោះថា “ អង្កការអភិរក្ស ការពារធនធានជលផល និង ព្រៃឈើ ” ត្រូវសមត្ថកិច្ច និង អាជ្ញាធរស្រុកឃាត់ខ្លួន ក្រោយពីម្ចាស់គ្រឿងចក្រឈូសឆាយដីពង្រាបដីប្រាំងអត់ច្បាប់បានប្តឹងទៅសមត្ថកិច្ចនិងអាជ្ញាធរដោយចោទប្រកាន់ពីបទជម្រិតទារប្រាក់ចំនួន១៤ម៉ឺនរៀល។
មន្រ្តីអង្គការទាំង២នាក់នេះត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ១ឧសភា ឆ្នាំ២០១៦នៅចំណុចភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
មន្រ្តីអង្គការដែលត្រូវឃាត់ខ្លួននេះម្នាក់ឈ្មោះ សៀង ឌឿន និង ម្នាក់ទៀតឈ្មោះ ឃុន សុជា ពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានជម្រិតទារប្រាក់ ចំនួន១៤ ម៉ឺនរៀល ពីម្ចាស់ត្រាក់ទ័រ២នាក់ ដែលកំពុងភ្ជួរពង្រាបដីស្រែប្រាំង នៅចំណុចខាងលើ ដោយពុំមានលិខិតស្នាមត្រឹមត្រូវ។
មន្រ្តីទាំងពីរនាក់នេះក្រោយពីឃាត់ខ្លួនបានមួយរយៈខ្លី ក៏ត្រូវប្រធានអង្គការមកចចារជាមួយខាងគ្រឿងចក្រឈូសឆាយដីពង្រាបដីប្រាំងអត់ច្បាប់ មកសម្របសម្រួលជាមួយអាជ្ញាធរ សុំធ្វើការដោះលែង និង ធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពដូចនេះទៀត ហើយព្រមសងលុយទៅម្ចាស់គ្រឿងចក្រនោះវិញ ។
មជ្ឈដ្ឋានទូទៅក្នុងខេត្តកំពង់ឆ្នាំងបានលើកឡើងថា ករណីនេះគឺជារឿងជម្រិតទារប្រាក់ បើតាមផ្លូវច្បាប់អ្នកប្រព្រឹតត្រូវមានទោសធ្ងន់ធ្ងរ ចុះនៅពេលនេះហេតុអីបានជាសមត្ថកិច្ចនិងអាជ្ញាធរស្រុកបរិបូរណ៍ ធ្វើការដោះស្រាយសម្របសម្រួលគ្នាទៅវិញ ។
ថាតើករណីនេះមកពីអាជ្ញាធរស្រុក សមត្ថកិច្ចនិង ម្ចាស់គ្រឿងចក្រមានចំណុចខ្សោយដូចទៅនឹងមន្រ្តីអង្គការដែលជម្រិតទារប្រាក់ពីម្ចាស់គ្រឿងចក្រ ។ ដែលករណីគួរតែអាជ្ញាធរខេត្ត និងខាងសាលាដំបូងខេត្តធ្វើការស្រាវជ្រាវអោយបានល្អិតល្អន់ដើម្បីបង្ហាញពីទិដ្ឋភាពច្បាប់ទូទៅដែលមានតម្លៃសម្រាប់មនុស្សទូទៅអនុវត្តនោះ ។
ដោយៈចន្ថា