ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ដែលគេស្គាល់ថាជាមេបញ្ជាការយោធាស្រុកបានបើកម៉ូតូទាំងស្រវឹងស្រាទៅបុកនិងរថយន្តមួយគ្រឿងបណ្តាលឲ្យបាក់ជើងខ្លួនឯង បន្ទាប់មកដកកាំភ្លើងបាញ់គំរាម៣គ្រាប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្ទុះអាវុធនេះកើតឡើងនៅវេលាម៉ោង៧ និង៤៥នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចជិតផ្លូវបំបែកទៅឃុំចំការលើ ក្នុងភូមិអូរី ឃុំអូរី ស្រុកថាឡាបរីវ៉ាត ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះទ្រី សុខហេង អាយុ២២ឆ្នាំ មានឌុបប្រពន្ធឈ្មោះឃីម ពិសី អាយុ២៧ រស់ភូមិចំការលើ ឃុំចំការលើ បើករថយន្តកាមរីស្វិត ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ2H-1011 ក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៣ ពាក់ស្លាកលេខស្ទឹងត្រែង1A-7299 បើកបរដោយឈ្មោះទេព សៅ ដែលគេស្គាល់ថាជាមេបញ្ជាការយោធាស្រុកឡាបរីវ៉ាតិអង្គ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំរេពេញផ្លូវរួចក៏ជ្រុលទៅបុករថយន្តមួយជំហៀងខាងឆ្វេងបណ្តាលឲ្យរងរបួសបាក់ជើងម្ខាងតែម្តង។
បើតាមការឲ្យដឹងពីម្ចាស់រថយន្តបាននិយាយថា ជនបង្កមានឈ្មោះទេព សៅ ដែលជាមេបញ្ចាការយោធាស្រុកថាឡាបរីវ៉ាត់អង្គភាពឈរជើងនៅភូមិស្រែត្នោតបានជិះរេពេញផ្លូវមកបុកនឹងរថយន្តរបស់គាត់បណ្តាលឲ្យម៉តូដួលសង្កត់បាក់ជើងឆ្វេងខ្លួនឯង។ ក្រោយមកបានឮស្នូផ្ទុះកាំភ្លើង៣គ្រាប់ផ្តួនៗគ្នាធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងនឹងបណ្តាលឲ្យរថយន្តត្រូវគ្រាប់ត្រូវចំកង់មួយគ្រាប់ធ្លាយចេញខ្យល់ទៅមុខលែងរួច។ លុះក្រោយមកក៏មានបក្ខពួករបស់ជនបង្ក២នាក់ជិះម៉ូតូមួយគ្រឿងពីក្រោយសំលុតគាត់ថារថយន្តគាត់ជាអ្នកបុកទៅវិញ។
តាមការបំភ្លឺពីលោក សែម ស៊ីថា អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ លោកមិនទាន់បានជ្រាប់អំពីបញ្ហាការផ្ទុះអាវុធនេះនៅឡើយទេ ។ តែរថយន្តនិងម៉ូតូបង្កត្រូវបានយកមករក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកដើម្បីស៊ើបអង្កេតនិងធ្វើកំណត់ហេតុចាត់ការបន្ត។
គួរបញ្ចាក់ផងដែរថា តាមក្រុមគ្រួសារជនរងគ្រោះដែលជាម្ចាស់ម៉ូតូបង្កនោះបាននិយាយថា មូលហេតុដែលបណ្តាលឲ្យបាក់ជើងនោះគឺម៉ូតូខ្លួនឯងដួលសង្កត់ជើងឆ្វេង ហើយចង្កិះលេខរួញតែម្តង៕
ដោយ៖ មាស សុផាត