ភ្នំពេញ៖ ទីបំផុតកីឡាករ អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានប្ញទ្ធិ និងកីឡាករថៃ ឈ្មោះ Super Chhai បានឆ្លងផុតវគ្គប្រកួត ជម្រុះចុងក្រោយឈានទៅប្រកួតដណ្តើមពានរង្វាន់ស៊ីម៉ងត៍អូដ្ឋហើយបន្ទាប់ពីប្រកួតឈ្នះដៃគូរបស់ខ្លួនកាលពីល្ងាចថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៦ នៅលើសង្វៀន ទូរទស្សន៍ប៉ុស្តិ៍លេខ៥អារីណា ។
នៅក្នុងជំនួបប្រកួតវគ្គជម្រុះចុងក្រោយនេះកីឡាករ កន ចន្ថា មកពីសមាគមកីឡា ក្រសួងការពារជាតិត្រូវបានកីឡាករ អ៊ុំ ចំរើន ទាត់បណ្តាលឲ្យខូចជើង ហើយក៏បាន បោះបង់ការប្រកួតក្នុងទឹកទី៤ ខណៈ ដែលកីឡាករ Super Chhai បានវាយ ឈ្នះកីឡាករ ធា នុរាជ មកពីពោធិ៍ជ័យកីឡា ដោយពិន្ទុ ។
ជាមួយនឹងជ័យម្នះក្នុងការប្រកួតវគ្គចុងក្រោយក្នុងពូលនេះ អ៊ុំ ចំរើន ត្រូវបានឡើងទៅប្រកួតបន្តនៅពាក់កណ្ដាលផ្តាច់ព្រ័ត្រ ក្នុងឋានៈលេខរៀងទី១ក្នុងពូលB ព្រោះមាន៩ពិន្ទុក្នុងដៃដោយប្រកួត៣ដងឈ្នះទាំង៣ដង ។
ដោយឡែកចំណាត់ថ្នាក់លេខ២ក្នុង ពូលBបានទៅលើកីឡាករ Super Chhai មាន៧ពិន្ទុ សម្រាប់ការប្រកួតវគ្គជម្រុះចំនួន៣ដង គឺឈ្នះ២ ចាញ់១ដង។ ដូច្នេះ ធា នុរាជ និងកន ចន្ថា បានរបូតឱកាសពីក្នុងដៃ ហើយ សម្រាប់ការប្រកួតដណ្ដើមពានរង្វាន់ជើងឯកអធិរាជស៊ីម៉ងត៍អូដ្ឋវគ្គ៣ទម្ងន់៦៧គីឡូក្រាមនេះ។
គួររំលឹកថា ចំពោះកីឡាករ ដែលចូលរួមប្រកួតក្នុងកម្មវិធីអធិរាជជើងឯកស៊ីម៉ងត៍ អូដ្ឋវគ្គ៣នេះ មានអ្នកប្រដាល់កម្ពុជា៥នាក់ អ្នកប្រដាល់ថៃ២នាក់និងប្រដាល់ជនជាតិឆេក១នាក់ ៕
ដោយ៖ សារីម