ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៨ ខែឧសភា ឆ្នាំ២០២២នេះថា៖ «ការចូលរួមក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាគន្លឹះយ៉ាងសំខាន់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែលធន់នឹងអាកាសធាតុ និងមានអាព្យាក្រឹតកាបូន»។ នេះជាការលើកឡើងរបស់ លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុនិងដៃគូអភិវឌ្ឍន៍ ស្តីពីការអនុវត្តរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Updated NDC) នាថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។
លោក ទិន ពន្លក បានលើកឡើងថាកម្ពុជាក្នុងនាមជាប្រទេសងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុបានយល់ច្បាស់អំពីភាពចាំបាច់នៃសកម្មភាពការឆ្លើយតបប្រកបដោយមហិច្ឆតាខ្ពស់។ ទោះបីកម្ពុជាជាប្រទេសដែលមានទំនួលខុសត្រូវតិចតួចជាប្រវត្តិសាស្រ្តដែលបណ្តាលឱ្យមានវិបត្តិអាកាសធាតុក្នុងពេលបច្ចុប្បន្ន តែកម្ពុជាបានឆ្លើយតបនឹងបញ្ហាសកលនេះប្រកបដោយទំនួសខុសត្រូវនិងគោលដៅច្បាស់លាស់ស្របតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ នៅឆ្នាំ២០២០ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧២ ដែលបានដាក់របាយការណ៍បច្ចុប្បន្នភាព NDC ទៅលេខាធិការដ្ឋាន UNFCCC មុនពេលកំណត់ និង នៅឆ្នាំ២០២១ កម្ពុជាបានដាក់ជូនយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអាព្យាក្រឹតកាបូន ជាមួយគោលដៅការបញ្ចេញឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ២០៥០។
រដ្ឋលេខាធិការរូបនេះ បានបន្ថែមថា ប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ NDC ជាផ្នែកមួយនៃការរាយការណ៍វឌ្ឍនភាពការងារ NDC ស្របតាមរចនាសម្ព័ន្ធនៃក្របខ័ណ្ឌជាតិត្រួតពិនិត្យ និងវាយតម្លៃការប្រែប្រួលអាកាសធាតុ ដោយរួមបញ្ចូលសូចនាករតាមវិស័យរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងសូចនាករត្រៀម ដើម្បីជួយសម្រួលដល់ការអនុវត្ត NDC។ លោកថ្លែងអំណរគុណដៃគូអភិវឌ្ឍន៍ និងជាពិសេសកិច្ចសហការល្អរវាងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំរបាយប្រព័ន្ធត្រួតពិនិត្យ NDC លេចជារូបរាងឡើងដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនិងជំរុញការអភិវឌ្ឍដោយចីរភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងបរិស្ថាន ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រឹះស្ថានសិក្សា ជាច្រើននាក់ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារបស់ប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ NDC និងកំណត់ពីចំណុចអាទិភាពសម្រាប់សកម្មភាពបន្ទាប់ ការកៀរគរធនធាន និងសំណូមពរនានាពីអ្នកពាក់ព័ន្ធ។កិច្ចប្រជុំបានពិនិត្យនិងសម្រេចលើលទ្ធផលបឋមនៃប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ NDC និងប្រមូលធាតុចូលក៏ដូចជាអនុសាសន៍ល្អៗសម្រាប់ការអនុវត្តជំហានបន្ទាប់។
កិច្ចប្រជុំក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្ត NDC តាមវិស័យក្នុងឆ្នាំ២០២១ ដោយតំណាងក្រសួងពាក់ព័ន្ធនិងបានពិភាក្សាអំពីការធ្វើផែនការរបស់អន្តរក្រសួងនិងដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្ត NDC នៅឆ្នាំ២០២២។ ក្នុងនោះតំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងពីទស្សនៈរបស់ដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្ត និងសកម្មភាពនានាក្នុងការគាំទ្រ NDC សម្រាប់វិស័យសំខាន់ក្នុងប្រទេសកម្ពុជា និងបានសម្តែងការអបអរសាទរចំពោះប្រព័ន្ធតាមដាន NDC ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងសកម្មភាពបន្ស៊ាំនិងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់៕
ដោយ៖សហការី