សម្តេចក្រឡាហោម ស ខេង៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានទំនួលខុសត្រូវក្នុងការធ្វើគណនីភាពជូនដល់ពលរដ្ឋ

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានទំនួលខុសត្រូវក្នុងការធ្វើគណនីភាពជូនដល់ពលរដ្ឋ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋានព័ត៌មានវិទ្យា​ នៃក្រសួងមហាផ្ទៃ​។

ជាក់ស្ដែងការលេីកឡេីងបែបនេះ​សម្ដេចក្រឡាហោម ស ខេង ប​នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ​ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ នៅពេលដែលរដ្ឋាភិបាលផ្តល់ថវិកាដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រើប្រាស់ថវិកាដោយគ្មានតម្លាភាព មិនត្រឹមត្រូវ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានទំនួលខុសត្រូវចំពោះប្រជាពលរដ្ឋមុនគេ ទាក់ទងនឹងបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋានរបស់គាត់។

សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា ករណីរដ្ឋបានផ្តល់ថវិកាមកដើម្បីអភិវឌ្ឍន៍តែគាត់យកទៅប្រើប្រាស់ផ្តេសផ្តាស មិនបានកសាងសមទ្ធិផលនៅក្នុងមូលដ្ឋាន ប្រើប្រាស់ដោយគ្មានតម្លាភាព មិនត្រឹមត្រូវដូច្នេះគាត់ត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋមូលដ្ឋាន ហេតុដូចនេះហើយសម្តេចក្រឡាហោម បានមានប្រសាសន៍លើកទឹកចិត្តឱ្យពលរដ្ឋចូលស្តាប់កិច្ចប្រជុំនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីឱ្យបានដឹងអំពីកិច្ចការងារផ្សេងៗកាន់តែច្បាស់។

ជាមួយគ្នានេះដែរក្រៅពីទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយនោះ គាត់ក៏ត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលផងដែរ ព្រោះរាជរដ្ឋាភិបាលបានប្រគល់កម្លាំងនគរបាល ដែលជាក្របខណ្ឌមន្ត្រីរាជការមកឱ្យស្រុក និងឃុំចាត់ចែងនិងប្រើប្រាស់រក្សាសន្តិសុខកុំឱ្យមានករណីចោរលួច ចោរប្លន់ក្នុងដែនសមត្ថកិច្ចរបស់គាត់។ ទន្ទឹមនឹងនេះគាត់ក៏ត្រូវទទួលខុសត្រូវចំពោះក្រសួងមហាផ្ទៃ ពាក់ព័ន្ធសន្តិសុខក្នុងមូលដ្ឋានលើសុខសុវត្ថិភាព ករណីចែកចាយ ប្រើប្រាស់គ្រឿងញៀន អំពើហិង្សា ការជួញដូរមនុស្ស ការរត់ពន្ធឆ្លងកាត់ព្រំដែនជាដើម។

សម្តេចក្រឡាហោម បានមានប្រសាសន៍ណែនាំបន្ថែមទៀតថា មូលហេតុទាំងនេះហើយដែលទាមទារឱ្យមានការចូលរួមឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ពីសំណាក់ប្រជាពលរដ្ឋ ពីសំណាក់អ្នកពាក់ព័ន្ធដើម្បីបុព្វហេតុជាតិទាំងអស់គ្នា៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print