លោក Anthony Albanese អាយុ៥៩ឆ្នាំ ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសអូស្ត្រាលី។ លោក Anthony Albanese អាយុ៥៩ឆ្នាំជាមេដឹកនាំគណបក្សការងារ Labor party របស់អូស្ត្រាលី។
លោក Anthony Albanese បានប្រកាសពីជ័យជម្នះនៅក្នុង ការបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Scott Morrison បានទទួលស្គាល់ថា សម្ព័ន្ធគណបក្សអភិរក្សនិយម Liberal-National Coalition របស់លោកបរាជ័យក្នុងការបោះឆ្នោតសកលនេះ។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ លោក អាន់តូនី អាល់បានី បានបញ្ជាក់ដូច្នេះថា «ប្រជាជនអូស្ត្រាលីបានបោះឆ្នោតដើម្បីការផ្លាស់ប្ដូរ ហើយខ្ញុំពិតជាមានកិត្តិយសណាស់ដោយសារជ័យជម្នះមួយនេះ»។ បន្ថែមពីលើនេះ លោក អាល់បានី ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អូស្ត្រាលី ក៏បានសន្យាដែរថា លោកនឹងស្វែងរកការឯកភាពជូនជាតិ។
ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្តធ្វើឡើងនៅឡើយនោះ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC បានឱ្យដឹងថា គណបក្ស Labor ទទួលបានអាសនៈចំនួន៧២ ហើយគណបក្សរបស់លោក Morrison នឹងទទួលបានត្រឹម៥២អាសនៈប៉ុណ្ណោះ។ ដើម្បីអាចបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនបាន គណបក្ស Labor ត្រូវការអាសនៈចំនួន៧៦ ក្នុងចំណោមអាសនៈសរុបទាំងអស់១៥១ នៅរដ្ឋសភា។
ជ័យជម្នះរបស់គណបក្ស Labor បានបិទបញ្ចប់រយៈពេលគ្រប់គ្រងអំណាចប្រមាណ៩ឆ្នាំជាប់គ្នារបស់សម្ព័ន្ធគណបក្ស Liberal-National Coalition ខណៈដែលលើកចុងក្រោយបំផុត គណបក្ស Labor ឈ្នះបានសំឡេងភាគច្រើន គឺកាលពីឆ្នាំ២០០៧៕ ដោយធីរីណា
រូបថត : AP