ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធករណីយកម៉ូតូអ្នកស្គាល់គ្នាទៅបញ្ចាំ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខធនាគារកាណាឌីយ៉ា តាមបណ្តោយមហាវិថីចោមចៅ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះវីន វន ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ជនរងគ្រោះឈ្មោះលីសេង ហ៊ាង ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យបានមកជួបជនរងគ្រោះនៅបន្ទប់បន្ទប់ជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងសុំស្នាក់នៅមួយយប់ បន្ទាប់មកក៏និយាយរកទិញម៉ូតូរបស់ជនរងគ្រោះម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IH 3140 លុះព្រឹកឡេីងជនសង្ស័យបានសុំសាកម៉ូតូពេលនោះជនរងគ្រោះក៏ព្រមឱ្យសាក ស្រាប់តែជនសង្ស័យយកទៅបញ្ចាំបាត់។
ប្រភពដដែលបានបន្តថា លុះមកដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យបានទាក់ទងទៅជនរងគ្រោះឱ្យឯកសារតែជនរងគ្រោះមិនផ្ញេីឱ្យរួចរាយការណ៍សមត្ថកិច្ចណាត់ជួបឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនិតិវិធី៕ដោយ៖សុខាសែនជ័យ