ភ្នំពេញ៖សម្តេចតេជោបានមានប្រសាសន៍មុននេះក្នុងហ្វេសប៊ុកសម្តេចថៈ ខ្ញុំសូមអំពាវនាវ និងបញ្ជាក់បន្ថែមអំពីដំណើរការក្តៅគគុកនៃយុទ្ឋនាការចែកចាយទឹកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះទឹកទទួលទាន គឺត្រូវបន្តធ្វើនៅទូទាំងប្រទេស រួមទាំងការជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងជីកប្រឡាយថ្មី ស្តារប្រឡាយចាស់ដើម្បីប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់ រដូវកាល។ ចំពោះទីតាំងដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ គឺយកទីតាំងនោះសម្រាប់ចែកចាយបន្តទៅតាមផ្ទះឬទីកន្លែងណាដែលខ្វះទឹកប្រើប្រាស់ដូចជាសាលារៀនជាដើម។
សម្តេចថ្លែងបញ្ជាក់ថាៈ ចំពោះការជីកអណ្តូង និងស្រះគឺជីកអោយជ្រៅជាងដង្ហើមទឹក ហើយសូមបន្តជីកស្រះ និងអណ្តូងអោយបានច្រើនថែមទៀត។ បើមានប្រជាពលរដ្ឋបាក់រលំផ្ទះគឺត្រូវដោះស្រាយជួយជួសជុលសាងសង់ឡើងវិញអោយបានលឿនជាបន្ទាន់ ដើម្បីបងប្អូនមានជម្រកស្នាក់នៅឡើងវិញ។ ការផ្លាស់ប្តូរបម្រែបម្រួលធាតុអាកាសពិភពលោកគឺធ្វើអោយមានគ្រោះធម្មជាតិកើតឡើងពាសពិភពលោក។ នេះជាគ្រោះធម្ម ជាតិដែលមិនធ្លាប់កើតឡើងជាង១០០ ឆ្នាំមកនេះ មិនថាតែកម្ពុជាទេ គឺកើតឡើងនៅលើពិភពលោកតែ ម្តងដែលយើងត្រូវរួមគ្នាដោះ ស្រាយ។
សម្តេចបន្តថាៈ ខ្ញុំសូមបញ្ជាក់បន្ថែមសារជាថ្មី សូមក្រសួងផ្អាកការប្រជុំនៅភ្នំពេញ គឺត្រូវចុះទៅតាមខេត្តដើម្បីជួយប្រជាពលរដ្ឋកំពុងត្រូវការទឹក ជាពិសេសអភិបាលខេត្តត្រូវតែស្ថិតប្រចាំការនៅក្នុងខេត្ត។ តែបើមានកិច្ចប្រជុំចាំបាច់គឺអភិបាលរងឬក្រុមប្រឹក្សាខេត្តអាចមកចូលរួមប្រជុំនៅភ្នំពេញបាន។ បញ្ហាអត់ទឹកនេះគឺមិនមែនតូចតាចធម្មតានោះទេតែវាជាគ្រោះមហន្តរាយដ៏ធំមួយដែលត្រូវប្រមូលផ្តុំកម្លាំងដើម្បីដោះស្រាយ។
សម្តេចមានប្រសាសន៍បញ្ជាក់ថាៈ ខ្ញុំសូមអរគុណសារជាថ្មីដល់ក្រុមហ៊ុនឯកជន សប្បុរសជនទាំងឡាយ និងអាជ្ញាធរ កាកបាទក្រហម ព្រមទាំងយុវជនស្ម័គ្រចិត្តដែលបាន និងកំពុងយកចិត្តទុកដាក់ជួយផ្តល់ទឹក ជីកនិងស្តារស្រះ អណ្តូង និងជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋ៕
ដោយ៖ សុខ ខេមរា