នៅថ្ងៃទី៣១ខែឧសភាមន្ត្រីគុយបា បានប្រកាសថា ប្រទេសនេះ បានសម្រេចលុបច្បាប់ពាក់ម៉ាស់នៅទីសាធារណៈដែលបានអនុវត្តយ៉ាងតឹងតែងអស់រយៈពេល២ឆ្នាំកន្លងមកដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នៅពេលនេះ ក្រោយការឆ្លងថយចុះ និងចំនួនពលរដ្ឋចាក់វ៉ាក់សាំងបានច្រើន ប្រទេសគុយបាបានសម្រេចបញ្ចប់កាតព្វកិច្ចពាក់ម៉ាស់។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ប្រទេសគុយបាបានប្រកាសដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈទូទាំងប្រទេស ដែលត្រូវបានដាក់ចេញអស់រយៈពេល២ឆ្នាំមកហើយនោះ ខណៈដែលមន្រ្តីសុខាភិបាលនិយាយថា ភាពជោគជ័យនេះកើតចេញពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យករណីឆ្លងមានការថយចុះខ្លាំង ហើយមិនមានអ្នកជំងឺស្លាប់រយៈពេលជិត៣សប្តាហ៍។
រដ្ឋមន្រ្តីសុខាភិបាលគុយបា លោក ចូសេ អង់ហ្គែល ព័រតាល់ (José Ángel Portal) បាននិយាយថា កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ យ៉ាងទូលំទូលាយ បានជួយការពារសុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ ហើយបានជំរុញឱ្យរដ្ឋាភិបាល សម្រេចលុបចោលវិធានការរឹតត្បិតដើម្បីការពារជំងឺនេះ ប៉ុន្តែក្រុមមន្រ្តីបានបញ្ជាក់ថា ការពាក់ម៉ាស់នៅតែ ត្រូវអនុវត្តនៅតាមមន្ទីរពេទ្យ ក៏ដូចជាសម្រាប់អ្នកជំងឺប្រចាំកាយ ឬអ្នកដែលងាយប្រតិកម្មនឹងមេរោគផ្លូវដង្ហើម។
រដ្ឋាភិបាលនៃប្រទេសដីកោះតំបន់ការីបង់មួយនេះ បានផ្តោតលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនដោយឥតគិតថ្លៃ ដែលបានធ្វើឱ្យគុយបាក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានចាក់វ៉ាក់សាំងដល់កុមារចាប់ពីអាយុ ២ឆ្នាំឡើងទៅ។ រហូតមកទល់ពេលនេះ ៩៤ភាគរយនៃប្រជាជនគុយបា បានចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស។ រីឯករណីឆ្លងបានធ្លាក់ចុះរយៈពេល៩សប្តាហ៍ជាប់ៗគ្នា ជាមួយនឹងតួលេខឆ្លងក្រោម១០០នាក់ចាប់តាំងពីពាក់កណ្តាលខែឧសភាមក ហើយពេញមួយខែដដែលនោះ មានអ្នកស្លាប់ត្រឹមតែ២នាក់ប៉ុណ្ណោះ៕ ដោយធីរីណា
រូបថត : AFP/TTXVN