ភ្នំពេញ៖ ដោយមានក្តីអាណិតអាសូរ និងមានការសង្វេគទៅលើបុរសពោះម៉ាយធ្លាក់ខ្លួនពិការក្នុងការរកស៊ីប្តូរនឹងកម្លាំងកាយកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលានោះនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ អ្នកស្រី ចោម ចាន់ បានយកថវិកាផ្ទាល់ខ្លួន៥០ដុល្លារនិងអ្នកស្រី ង៉េង ថន បានឧបត្ថម្ភកង់មួយគ្រឿងផងដែរដល់គ្រួសារអភ័ព្វមួយនេះប្រយោជន៍យកទៅព្យាបាលជំងឺនិងទុកជូនកូនស្រីរបស់បុរសពោះម៉ាយរូបនេះជិះទៅរៀនសូត្រកាត់បន្ថយការលំបាកបានមួយចំនួន។
សូមបញ្ជាក់ថា បុរសពោះម៉ាយខាងលើឈ្មោះ ឈឿន ឈី អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំង៣ សង្កាត់-ក្រុងកំពង់ឆ្នាំង បានរស់នៅជាមួយកូនស្រីអាយុ១២ឆ្នាំ រៀនថ្នាក់ទី៣ ក្នុងជីវភាពក្រីក្រ តោកយ៉ាកអស់រយៈពេលច្រើនឆ្នាំមកហើយបន្ទាប់ពីប្រពន្ធ-ម្តាយបានទទួលមរណភាពទៅ នោះ។ដោយសារក្នុងជីវភាពក្រីក្រលោក ឈឿន ឈី បានដើរលក់កម្លាំងពលកម្មលីសែងឲ្យគេដើម្បីយកប្រាក់ចិញ្ចឹមកូនស្រីបានរៀនសូត្រនឹងគេ។ ប៉ុន្តែជាអកុសលថ្ងៃមួយលោក ឈឿន ឈី បានធ្លាក់ខ្លួនពិការដោយសារលីការុងសណ្តែកចុះពីរថយន្តហើយបានរអិលជើងដួលធ្វើឲ្យស្រាំជង្គង់និងឆ្អឹងត្រគាករបួសយ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីជួបហេតុការណ៍អាក្រក់ដូច្នេះបុរសអភ័ព្វរូបនេះកាន់តែរស់នៅក្នុងជីវភាពក្រលំបាកខ្លាំងឡើងដោយគ្មានលទ្ធភាពចិញ្ចឹម កូនស្រីឲ្យទៅសិក្សារៀនសូត្រតទៅទៀតបានក៏សុខចិត្តព្យាបាលជំងឺដោយខ្លួនឯងក្នុងខ្ទមកម្សត់អស់រយៈពេលជាច្រើនថ្ងៃនៅតែមិនជាទើបដំណឹងនេះបានលេចឮដល់លោកស្រី វណ្ណ លុយ នាយិកាក្រុមហ៊ុនទឹកពិសាអេរ៉ូទិកមានការអាណិតអាសូរខ្លាំងក៏បានសំណូមពរឲ្យអាជ្ញាធរ មូលដ្ឋាន ជាពិសេសមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដឹកជន រងគ្រោះមកកាន់មន្ទីរ ពេទ្យព្រះកេតុមាលាដោយលោកស្រីជា អ្នកចេញលុយព្យាបាល។ ប៉ុន្តែនៅពេល មកដល់មន្ទីរពេទ្យព្រះកេតុមាលាថ្នាក់ ដឹកនាំនិងក្រុមគ្រូពេទ្យព្យាបាលមានក្តី សណ្តោសបានសម្រេចព្យាបាលជូនគាត់ដោយមិនយកថ្លៃឡើយ។
ជាមួយគ្នានេះដែរជីវិតអភ័ព្វរបស់លោក ឈឿន ឈី បានធ្វើឲ្យអ្នកទទួលព័ត៌មាននេះមានការអាណិត អាសូរនាំគ្នាជួយជ្រោមជ្រែងឧបត្ថម្ភដល់គាត់ជាបន្តបន្ទាប់ជាក់ស្តែងដូចជាអ្នកស្រី ចោម ចាន់ និងអ្នកស្រី ង៉េង ថន ជាដើម ៕
ដោយ៖ ប្រាថ្នា