ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ល្ពៅ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុក បានឃាត់ខ្លួនស្ត្រីម្នាក់ តាមដីកាតុលាការពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ ត្រង់ចំណុចភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។
លោកវរសេនីយ៍ទោ ម៉ែន រីម បានបញ្ជាក់ថា ដោយអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៧៤/២២ ត.ព្រ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ របស់លោក នុត សុម៉ារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង លើស្ត្រីជាជនជាប់ចោទ ០១នាក់ឈ្មោះ អ៊ុង សុភា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មាន ទីលំនៅផ្ទះលេខ៨៩១ ក្រុមទី០៥ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។
បច្ចុប្បន្ន ស្ត្រីជាពិរុទ្ធខាងលើត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖សហការី